ការប្រកួតពានរង្វាន់យុវជន AFF U-19 Championship 2018 នឹងដំណើការប្រកួតទី២របស់ខ្លួនក្នុងថ្ងៃនេះហើយ ក្នុងនោះពូល B ក្រុមកំពូលតារាងកម្ពុជា ត្រូវជួបម៉ាឡេស៊ី ម៉ោង ៣:៣០នាទីរសៀល ខណៈដែល ព្រុយណេ ជួបទីម័រខាងកើត ម៉ោង ៧យប់ ។
កម្ពុជា មានមួយប្រកួតហើយ ដោយបានយកឈ្នះលើព្រុយណេ ៥ ទល់នឹង ០ ឈរកំពូលតារាង គ្រាដែល ទីម័រខាងកើត និងមីយ៉ានម៉ា ស្មើគ្នា ២ទល់នឹង២ ។
ថ្ងៃនេះជាប្រកួតដំបូងរបស់ម៉ាឡេស៊ី នៅក្នុងពូលដែលមានតែ ៥ក្រុម។
ប្រវត្តិជួបគ្នាកាលពីឆ្នាំមុននៅឯប្រទេសមីយ៉ាន់ម៉ា ក្រុមយុវជន U-19 ម៉ាឡេស៊ី បានយកឈ្នះកម្ពុជា ២-០ ហើយម្យ៉ាងទៀតពួកគេគឺជាបេក្ខភាពរងជើងឯកពានរង្វាន់នេះក្នុងឆ្នាំ ២០១៧នោះផងដែរ ។
កម្ពុជា នឹងមានសង្ឃឹមកាន់តែខ្ពស់ប្រសិនជាអាចយកបាន ៣ពិន្ទុ នៅរសៀលនេះ ដោយសារតែមិនទាន់មានក្រុមណាមានពិន្ទុស្មើខ្លួនឡើយ ប៉ុន្តែក្នុងករណីស្មើ ឬចាញ់ បេសកកម្មនេះនឹងនៅតែតានតឹងសម្រាប់ការដណ្តើមកៅអីឆ្លងពូលទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ។
យុវជន ឃាង ម៉េងហួរ របស់ព្រះខ័នរាជស្វាយរៀង បានស៊ុត ៣គ្រាប់ម្នាក់ឯង ឈរកំពូលតារាង Top Scorers និងមិត្តរួមក្រុម ណារ៉ុង កក្កដា មាន ២គ្រាប់ក្នុងដៃផងដែរ ៕