ជើង​ទី​១​ចាញ់ ៩-០ ប៉ុន្តែ​ជើង​ទី​២​ Southampton ​យក​ឈ្នះ Leicester ​បាន​វិញ​

​ក្រុម Southampton ​បាន​យក​ឈ្នះ​លើ​ក្រុម Leicester City ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស ​ក្រោយ​ពី​ពួកគេ​បាន​បរាជ័យ​ធ្ងន់​ក​កាល​ពី​ជើង​ទី​១ ​ក្នុង​លទ្ធផល ៩-០។កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ​ក្រុម Southampton ​បាន​ចាញ់​ក្រុម Leicester City ​ដល់​ទៅ ​៩​ទល់​នឹង ០ ឯ​ណោះ ប៉ុន្តែ​នៅ​ដើម​ខែ​មករា​នេះ​វិញ លទ្ធផល​បាន​ប្រែប្រួល​អស់​ទៅ​ហើយ។ ​ក្រុម​ម្ចាស់​ផ្ទះ Leicester City ​អាច​រក​គ្រាប់​បាល់​បាន​មុន​មែន ប៉ុន្តែ​ក្រុម​ Southampton ​អាច​វាយ​បក​យក​ស្មើ​វិញ​បាន ​ហើយ​ថែម​គ្រាប់​បាល់​ជ័យជម្នះ​បាន​ទៀត​នៅ​ចុង​ម៉ោង ដោយ​កីឡាករ Danny Ings។

លោក Rodgers ​អ្នក​ចាត់ការ​ការ​ក្រុម Leicester City ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ដែរ​ថា​៖ “យើង​មិន​បាន​លេង​ល្អ​នោះ​ទេ​សម្រាប់​ការ​ប្រកួត​នេះ។ ​ខ្ញុំ​មិន​ចង់​និយាយ​ថា​កីឡាករ​យើង​ហត់​នឿយ​នោះ​ទេ ​ប៉ុន្តែ​ពួកគេ​បាន​ច្រើន​ប្រកួត​ជាប់​គ្នា​មក​ហើយ”៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT