ធ្លាយ​ដំណឹង Real Madrid ​ព្រម​លក់ Ronaldo ​ឱ្យ Juventus ​តម្លៃ​១០០​លាន​អឺរ៉ូ

ប្រភព​វិបសាយ​ធំ​ៗ​នៅ​អេស្ប៉ាញ​បាន​ផ្សាយ​ថា Real Madrid យល់​ព្រម​​លក់​ Cristiano Ronaldo ​ឱ្យ​ក្លឹប Juventus ​ហើយ​ក្នុង​តម្លៃ ១០០​លាន​អឺរ៉ូ ​ហើយ​រូបគេ​នឹង​ទទួល​បាន​៣០​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ជាមួយ​នឹង​កុងត្រា​ ៤​ឆ្នាំ​នៅ​អ៊ីតាលី។

ជាក់​ស្ដែង ​តម្លៃ​ផ្ដាច់​កុងត្រា​របស់ Ronaldo ​តាម​ពិត​គឺ​ដល់​១​ពាន់​លាន​អឺរ៉ូ​ឯ​ណោះ ប៉ុន្តែ​ក្លឹប Real Madrid ​ហាក់​ដូចជា​ចង់​បញ្ចេញ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​ខាង​លើ​ខ្លាំង ​ទើប​យល់​ព្រម​លក់​ឱ្យ​ក្លឹប Juventus ​ត្រឹម​តែ​១០០​លាន​អឺរ៉ូ។ ​ការ​ចាកចេញ​នេះ ​អាច​មក​ពី​ការ​ចរចា​គ្នា​មិន​ត្រូវ​រវាង​កីឡាករ​ផ្ទាល់ ​និង​ប្រធាន​ក្លឹប​លោក Perez ​លើ​តម្លៃ​ប្រាក់​ឈ្នួល​ថ្មី។ ស្រប​ពេល​ដែល​សាមី​ខ្លួន​ផ្ទាល់ ធ្លាប់​បាន​និយាយ​ដែរ​ថា ​រូបគេ​អាច​នឹង​ចែក​ផ្លូវ​ជាមួយ Real Madrid ​នៅ​រដូវ​កាល​ក្រោយ​ហើយ។

យ៉ាងណាមិញ ​ដំណឹង​នេះ​មិន​ទាន់​១០០​%​នោះ​ទេ ប៉ុន្តែ​វិបសាយ​ជា​ច្រើន​នៅ​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ។ ក្លឹប Real Madrid ​កំពុង​ប្រមាញ់​ខ្សែ​ប្រយុទ្ធ​ថ្មី ​ដោយ​អាច​ជា Neymar ​របស់ PSG ​ប៉ុន្តែ​ពិបាក​ត្រង់​ក្លឹប​នៅ​បារាំង ​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ពេក រហូត​ដល់​ជាង​៣០០​លាន​អឺរ៉ូ​ឯ​ណោះ៕ប្រភពៈ MARCA

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT