ឃួន ឡាបូរ៉ាវី​ប្រកាស​ព្យួរស្បែកជើងពី​បាល់​ទាត់​ផ្លូវការហើយ

តាម​ការ​បញ្ជាក់របស់​ក្លិបបឹង​កេតក្នុង​គេហទំព័រផ្លូវ​ការ​របស់​ខ្លួន កីឡាករ ឃួន ឡាបូរ៉ាវី បានប្រកាសព្យួរស្បែកជើងរបស់ខ្លួនក្នុងវ័យ ៣១ឆ្នាំ ពោលគឺក្រោយពីប្រឡូកក្នុងអាជីពបាល់ទាត់មួយនេះ អស់រយៈពេល ១២ឆ្នាំ ( ២០០៧ ដល់ ២០១៩) ។

ការសម្រេចចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់នៅក្លិបបាល់ទាត់បឹងកេត កីឡាករដែលមានស្រុកកំណើតមកពីខេត្តកំពង់ចាមរូបនេះ ក៏បានវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹករបស់សាលាបាល់ទាត់បឹងកេត និង ជាជំនួយការក្រុមបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថែមទៀតផង ។ កីឡាករ​វ័យ៣១​ឆ្នាំ​រូបនេះចាប់ផ្តើមអាជីពនៅឆ្នាំ ២០០៧ បូរ៉ាវី ចូលរួមជាមួយក្លិបព្រះខ័នរាជ ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៣ ។

នៅស្វាយរៀងរូប​គេជួយក្លិបឱ្យឈ្នះពានសម្តេចហ៊ុន សែន ( Hun Sen Cup ) ២លើក នៅឆ្នាំ ២០១១ និង ២០១២ និងឈ្នះពានរង្វាន់មិត្តភាពនៅប្រទេសចិន Mekong River Cup ។ ផ្លាស់មកចូលរួមជាមួយក្លិបបាល់ទាត់បឹងកេត នៅឆ្នាំ ២០១៤ កីឡាករជំនាញជើងឆ្វេងរូបនេះ ជួយក្លិបរបស់ខេត្តកំណើតខ្លួន ឈ្នះពាន​លីគ២លើក គឺ ២០១៦ និង ២០១៧ ព្រមទាំង ឈ្នះពានរង្វាន់សម្តេចហ៊ុន សែន កាលពីពេលថ្មីៗនេះ ( ឆ្នាំ ២០១៩ ) ថែមទៀតផង។ សម្រាប់អន្តរជាតិវិញ ឃួន ឡាបូរ៉ាវី ជួយឱ្យបឹងកេត ឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Toyota Club Championship កាលពីឆ្នាំ ២០១៥ ផងដែរ។

ចំពោះការចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជាវិញ ឃួន ឡាបូរ៉ាវី ទទួលបានការបង្ហាញខ្លួនចាប់តាំងពីឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១៨ ចំនួនសរុប ៥៦ប្រកួត និងរកគ្រាប់បាល់បានសរុប ១៤គ្រាប់ ដោយក្នុងនោះជួយកម្ពុជា ឱ្យឈ្នះ ពានរង្វាន់ BIDC Cup កាលពីឆ្នាំ ២០០៩ ។

ជាមួយនឹងការសម្រេចចិត្តចូលនិវត្តន៍នេះ បូរ៉ាវីបាននិយាយថា៖ “ ខ្ញុំចង់ផ្តល់ឱកាសឱ្យកីឡាករក្មេងៗជំនាន់ក្រោយគាត់មានឱកាសបង្ហាញខ្លួនច្រើន និងចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំទៅដល់ពួកគាត់ ” ។

“ ខ្ញុំក៏ចង់អរគុណដល់មិត្តរួមក្រុមទាំងអស់ ថ្នាក់ដឹកនាំ និងមនុស្សគ្រប់គ្នាដែលខ្ញុំធ្លាប់ធ្វើការជាមួយ ក៏ដូចជាអ្នកគាំទ្រដែលតែងតែគាំទ្រខ្ញុំ និងផ្តល់កម្លាំងចិត្តឱ្យខ្ញុំទទួលបានរហូតដល់ពេលនេះ ” ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT