Filipe Luis ៖ Reinier ​ជា​កីឡាករ​ល្អ​ម្នាក់ ​ខ្ញុំ​អបអរ Real Madrid ​ដែល​ទិញ​បាន​

​ក្រុម Real Madrid ​ត្រូវ​បាន​គេ​ដឹង​ថា​ទិញ​បាន​យុវជន​ឆ្នើម​ប្រេស៊ីល Reinier ​ពី​ក្រុម Flamengo ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៣០​លាន​អឺរ៉ូ ប៉ុន្តែ​ត្រូវ​រង់ចាំ​ដល់​រូបគេ​ឈាន​ចូល​វ័យ​១៨​ឆ្នាំ​សិន ទើប​អាច​យក​ចូល​ក្រុម​បាន។

ក្រុម Real Madrid ​ប្រមូល​ទិញ​កីឡាករ​ក្មេង​ៗ​ច្រើន​មែនទែន ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​លោក Perez ​ដែល​ជា​ប្រធាន​ក្លឹប​បាន​បញ្ជាក់​ថា​នេះ​ជា​អ្វី​ដែល​ក្រុម Real Madrid ​តែងតែ​ធ្វើ ដើម្បី​ទៅ​ថ្ងៃ​អនាគត។ ​យុវជន​ទាំង​អស់​នេះ ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ​នឹង​ក្លាយ​ជា​កម្លាំង​ស្នូល​សម្រាប់​ក្រុម Real Madrid ​ដោយ​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​រាប់​រយ​លាន​ដុល្លារ ដើម្បី​ទិញ​ចូល​ក្រុម​នោះ​ទេ។ ជាក់​ស្ដែង ​យុវជន​ឆ្នើម​ប្រចាំ​ប្រទេស​ប្រេស៊ីល​៣​នាក់​ហើយ ដែល​ក្រុម Real ​ទិញ​យក​គឺ ​Vinicius Jr , Rodrygo ​និង​Reinier ។

ការ​ទិញ​បាន Reinier ​នា​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន ​Filipe Luis ​ដែល​ជា​អតីត​កីឡាករ​ Atletico Madrid ​បច្ចុប្បន្ន​លេង​ឱ្យ Flamengo ​និយាយ​ថា​៖ “​ខ្ញុំ​អបអរ​ដល់ Real Madrid ​ដែល​សម្រេច​ការ​ទិញ​នេះ​បាន។ ​Reinier ​ជា​យុវជន​មាន​អនាគត​ម្នាក់ គាត់​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ត្រឹម​វ័យ​១៧​ឆ្នាំ​នេះ។ គាត់​ជា​កីឡាករ​ឆ្លាត ​ចេះ​បត់​បែន​បាន​ល្អ គាត់​មាន​ទម្រង់​លេង​ដូច Kaka ​អីចឹង​”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT