Spurs បានត្រឹមស្មើទល់ក្លឹប Middlesbrough នៅលទ្ធផល ១-១ ហើយត្រូវប្រកួតកាត់សេចក្តីសារជាថ្មី នៅអំឡុងថ្ងៃទី ១៤-១៥ ខែមករាខាងមុខ ដើម្បីសម្រេចយកក្រុមមួយដែលត្រូវឆ្ពោះទៅកាន់វគ្គបន្ទាប់។
លោក Jose Mourinho ហាក់មិនសប្បាយចិត្តទាល់តែសោះ ចំពោះលទ្ធផលស្មើកាលពីយប់មិញ ស្របពេលដែលក្រុមខ្លាំងឯទៀតនៅអង់គ្លេសមានតាំងពី Liverpool, West ham, Man City, Chelsea ជាដើមនោះគេបានឆ្លងផុតរបាទីគ្រោះថ្នាក់រួចអស់ហើយ។
ថ្លែងក្រោយបញ្ចប់ការប្រកួត Jose ហាក់មានភាពសោកស្តាយដែល Harry Kane មិនអាចបង្ហាញវត្តមានក្នុងការប្រកួតនេះ ហើយបានបោះពាក្យថាមិនថាតែ Heung min Son ឬ Lucas Moura ក៏មិនអាចជំនួសតំណែងនៃការលេងរបស់កីឡាករលេខ ៩ បានដែរ។
លោកសង្កត់ធ្ងន់៖ “យើងមានអ្វីដែលយើងមាន ហើយបានប្រើប្រាស់វា ដោយកីឡាករទាំងអស់ធ្វើអ្វីដែលពួកគេអាចធ្វើបាន ដោយយើងមិនអាចបម្លែងពី Lucas ឬ Son ទៅជាលេខ ៩ ដូចជា Harry Kane បាននោះទេ ពោលគឺយើងបានធ្វើការផ្លាស់ប្តូរហើយទទួលយកនូវហានិភ័យគ្រប់បែបយ៉ាង”។
លោកបន្ត៖ “យើងលេងដោយប្រើប្រាស់កីឡាករវាយប្រហារ (ស្លាប/បម្រើ) ទាំង ៦ រូប ដោយគ្មានខ្សែប្រយុទ្ធពេញលេញម្នាក់សោះ នោះគឺហានិភ័យខ្លាំងណាស់”៕ ប្រភព៖ FoxSportAsia