កីឡាជិត៣០ប្រភេទត្រៀមដាក់បញ្ចូលការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០

នាព្រឹកថ្ងៃទី  ២៧  ខែ  ធ្នូ  ឆ្នាំ២០១៩   លោក  អ៊ុក សិទ្ធិជាតិ   អគ្គនាយក  នៃ  អគ្គនាយកដ្ឋានកីឡា  បានដឹកនាំកិច្ចប្រជុំរបាយការណ៍  វឌ្ឍនភាពការងារប្រចាំរបស់សហព័ន្ធកីឡាជាតិនិងការត្រៀមលក្ខណៈការប្រកួតកីឡាជាតិលើកទី៣២០២០នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនជាតិ។

លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា សហព័ន្ធកីឡាជាតិទាំង៣០ត្រូវត្រៀមខ្លួនសម្រាប់ចូលរួមការប្រកួតកីឡាជាតិ “National Games 2020” លើកទី៣ ឆ្នាំ២០២០ ។ ការប្រកួតកីឡាជាតិលើកទី២មានរហូតដល់២៧ប្រភេទកីឡា ដូច្នេះក្រុមគណៈកម្មការត្រូវជ្រើសរើសយកទីលានចំនួន៤ខេត្ត-រាជធានីដើម្បីរៀបចំធ្វើ គឺរាជធានីភ្នំពេញ ខេត្តកែប កំពត និង ខេត្តកំពង់ធំ ។

ចំពោះកីឡាទាំង២៧ប្រភេទត្រូវដាក់ប្រកួតរួមមានកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ W.T.F របស់កូរ៉េខាងត្បូង, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សាកល, ហ្សូរិនជីកាំប៉ូ, តេក្វាន់ដូ I.T.F របស់កូរ៉េខាងជើង, ការ៉ាតេដូ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, សូហ្វតិន្នីស, បេស្បល, ប្រណាំងកង់, សីដក់, កីឡាបាញ់កាំភ្លើង និង វ៉ូវីណាម ហើយឆ្នាំនេះក្រសួងសម្រេចថែម៣ប្រភេទកីឡាទៀត គឺម៉ូតូទឹក អុក និងកីឡាជិះសេះ។

លោកបានបន្តទៀតថា នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី៥ ខែមិថុនា ខាងមុខ ។ ក្នុងរយៈពេល១២ថ្ងៃនៃការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំ២ឆ្នាំម្ដងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមថវិការដ្ឋចំនួន៦.០០០លានរៀលកើនឡើងទ្វេដងបើធៀបនឹងការរៀបចំលើកទី១កាលពីឆ្នាំ២០១៦ដើម្បីចំណាយលើការរៀបចំផ្សេងៗ តែមិនបូកការចំណាយលើការរៀបចំពិធីបើក និងពិធីបិទ ដែលរ៉ាប់រងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឡើយ។

ដោយសារប្រភេទកីឡាត្រូវបានបង្កើនឡើងពី១៥ប្រភេទទៅ២៧ប្រភេទស្មើនឹង២៧២វិញ្ញាសា ខណៈប្រតិភូ គ្រូ និងអត្តពលិក គឺបានកើនឡើងពីជិត ២.០០០នាក់ ដល់ប្រមាណ ៥.០០០នាក់ឯណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT