• នេះ​ហេតុ​ផល ​Man Utd ​មិន​ទិញ​យក Haaland ​​

    ​ក្រុម Dortmund ​បាន​ប្រកាស​ពី​ការ​ចុះ​កុងត្រា​ទិញ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Haaland ​បាន​ហើយ ​ដោយ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៤។

    Haaland ​យុវជន​កំពុង​ឡើង​ជើង​នេះ ​មាន​ទំនាក់ទំនង​ច្រើន​ក្នុង​ការ​ទៅ​លេង​នៅ​ក្រុម Manchester United ​ដោយសារ​តែ​លោក Ole ​ធ្លាប់​ធ្វើ​ជា​អ្នក​ចាត់ការ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ម្ដង​មក​ហើយ​។ តែ​ចុង​ក្រោយ ​នៅ​យប់មិញ​នេះ បែរ​ជា​ក្រុម Dortmund ​អាច​ដណ្ដើម​ទិញ​យក​បាន​ទៅ​វិញ ​ក្នុង​តម្លៃ​ខ្លួន​១៨​លាន​ផោន ​ហើយ​នឹង​ទទួល​បាន​ប្រាក់​តម្លៃ​ពលកម្ម១៣០ ០០០​ផោន​ក្នុង​១​សប្ដាហ៍។ ​កីឡាករ​វ័យ​១៩​ឆ្នាំ​នេះ ​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន​ឱ្យ​ក្រុម ​Red Bull Salzburg ​នា​រដូវ​កាល​នេះ ​ដោយ​រក​គ្រាប់​បាល់​បាន​២៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ត្រឹម​២២​ប្រកួត​ប៉ុណ្ណោះ។

    មូលហេតុ​ដែល​ក្រុម Man Utd ​មិន​អាច​ទិញ​យក Haaland ​នេះ​បាន ​គឺ​ដោយសារ​តែ​មិន​ត្រូវ​គ្នា​លើ​លក្ខខណ្ឌ​មួយ​ចំនួន។ ​ភ្នាក់ងារ​របស់ Haaland ​បាន​ទាមទារ ​ចំណែក​ភាគរយ​ទៅ​ថ្ងៃ​អនាគត ចំពោះ​តម្លៃ​ខ្លួន​របស់​គេ ​នៅ​ពេល​ដែល​ក្រុម Man Utd ​លក់​បន្ដ​ទៀត។ ​ការ​ទាមទារ​នេះ​ហើយ ទើប​បាន​ជា​ក្រុម​បិសាច​ក្រហម​មិន​ព្រម ​ហើយ​ក៏​មិន​អាច​ចុះ​កុងត្រា​បាន៕ប្រភព៖ Dailymail


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT