AFF U-19៖ កម្ពុជា ឈ្នះ ព្រុយណេ ៥-០ ណារ៉ុង កក្កដា និង ឃាង ម៉េងហួរ ល្អឥតខ្ចោះ

ការប្រកួតបើកឆាកពានរង្វាន់ AFF U-19 Championship 2018 ដែលរៀបចំឡើងនៅប្រទេសឥណ្ឌូនេស៊ី ម្សិលមិញនេះ បានបញ្ចប់ការប្រកួតទីមួយនៅតាមពូល និមួយៗហើយ ខណៈដែល U-19 កម្ពុជា យប់មិញនេះបានបំបាក់ព្រុយណេដល់ទៅ ៥ ទល់នឹង ០ ឈរកំពូលតារាង។

តាមរយៈគ្រាប់បាល់ទាំង ៥ ដែលបានកើតឡើងនោះ គេឃើញថា យុវជនរបស់ក្លិបក្រសួងការពារជាតិ ណារ៉ុង កក្កដា នៅតែធ្វើបានល្អ ពោលគឺគេស៊ុតបាន ២គ្រាប់ និងយុវជនមកពីក្លិបព្រះខ័នរាជស្វាយរៀង ឃាង ម៉េងហួរ ធ្វើបាន Hat-trick (៣គ្រាប់ម្នាក់ឯង) ។

ក្រោយការប្រកួតបញ្ចប់ គ្រូបង្វឹកថ្មីរបស់ក្រុមយុវជន U-19 កម្ពុជា លោក Musashi MIZUSHIMA បានថ្លែងថា « ក្រោយពីស៊ុតចូលទីគ្រាប់ទីមួយ កីឡាករបស់យើងចាប់ផ្តើមបាត់បង់តុល្យភាពនៃប្រព័ន្ធលេង តែក្រោយពីមានការត្រួតពិនិត្យ និងប្រុងប្រយ័ត្នខ្ពស់ យើងក៏អាចរកគ្រាប់បាល់៤គ្រាប់បន្ថែមក្នុងវគ្គទីពីរ និងឈ្នះ ៥ ទល់នឹង ០ » ។

គួរបញ្ជាក់ថា កម្ពុជា ឈរកំពូលតារាង មាន ៣ពិន្ទុ ខណៈដែល មីយ៉ាន់ម៉ា និង ទីម័រខាងកើត មាន ១ពិន្ទុ ។

កម្ពុជា នឹងបន្តជួបម៉ាឡេស៊ី នៅថ្ងៃពុធ ម៉ោង៣:៣០នាទីរសៀល នៅកីឡដ្ឋាន Gelora Joko Samudro ប្រទេសឥណ្ឌូនេស៊ី ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT