Henry ​៖ Liverpool ​រដូវ​កាល​នេះ ​អាច​នឹង​មិន​ចាញ់​១​ប្រកួត​ឡើយ​

Thierry Henry ​គិត​ថា​ទម្រង់​លេង​របស់​ក្រុម​ហង្ស​ក្រហម Liverpool ​នា​រដូវ​កាល​នេះ ​ពិបាក​ក្រុម​ណា​អាច​យក​ឈ្នះ​បាន​ណាស់ ​ដូច​កាល​ក្រុម Arsenal ​ធ្វើ​បាន​នៅ​ឆ្នាំ​២០០៣-០៤ ​អីចឹង​។Liverpool ​បាន​ប្រកួត​សប្ដាហ៍​ទី​១៧​កន្លង​ទៅ ដោយ​យក​ឈ្នះ​ក្រុម​លេខ​២ Leicester City ​ក្នុង​លទ្ធផល ៤-០ ​ហើយ​១៧​ប្រកួត​កន្លង​មក​នេះ ​មិន​មាន​ក្លឹប​ណា​មួយ​អាច​យក​ឈ្នះ​ពួកគេ​បាន​នោះ​ទេ។ កត្តា​ធ្វើ​បាន​យ៉ាង​ល្អ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ Henry ​យល់​ថា​រដូវ​កាល​នេះ ជា​រដូវ​កាល​មាស​របស់​ក្រុម Liverpool ​ហើយ​ក្នុង​ការ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​ក្រុម​។

វីរបុរស​របស់​ក្រុម Arsenal ​ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​គិត​ថា Liverpool ​នឹង​ឈ្នះ​ពាន​មិន​ខាន​នា​រដូវ​កាល​នេះ។ ​មិន​ត្រឹម​តែ​ឈ្នះ​ពាន​នោះ​ទេ ​ពួកគេ​អាច​នឹង​ឈ្នះ​ពាន​រង្វាន់​ដោយ​មិន​បរាជ័យ​១​ប្រកួត​ណា​ទៀត​ផង។ ពួកគេ​លេង​បាន​យ៉ាង​ល្អ ​ហើយ​វា​អាច​នឹង​ជា​កំណត់ត្រា​ថ្មី​មួយ​ទៀត ដូច Arsenal ​ធ្លាប់​ធ្វើ​បាន​អីចឹង”។ក្រុម Arsenal ​នៅ​ឆ្នាំ​២០០៣-០៤ ​នោះ ​បាន​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស ​ដោយ​មិន​ចាញ់​១​ប្រកួត​នោះ​ទេ។ ដោយ​៣៨​ប្រកួត ​ពួកគេ​ឈ្នះ​២៦​ប្រកួត ​ស្មើ​១២​ប្រកួត ​មាន​៩០​ពិន្ទុ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT