Willian ហាក់កំពុងឡើងកូដសារជាថ្មី បន្ទាប់ពីចូលរួមចំណែកស៊ុតពីរគ្រាប់ម្នាក់ឯងជួយឲ្យ Chelsea យកឈ្នះទៅលើ Tottenham ក្នុងលទ្ធផល ២-០ កាលពីថ្ងៃមុន។ ទន្ទឹមនឹងកុងត្រាដែលកៀកនឹងផុត សេសសល់ត្រឹមរយៈពេលជាង ៦ ខែកីឡាករប្រេស៊ីលក៏បានចេញមកបកស្រាយជុំវិញអនាគតរបស់ខ្លួនជាមួយនឹងក្លឹប។
Willian ក៏ជាប់ពាក់ព័ន្ធនឹងចចាមអារ៉ាមដែលក្លឹប Juventus និង Barcelona សម្លឹងចង់បានជាយូរណាស់មកហើយ ត្បិតរូបគេមានវ័យរាងក្រែលដល់ទៅ ៣១ ឆ្នាំក៏ដោយ។ ប៉ុន្តែតាមការបកស្រាយសាមីខ្លួនហាក់មិននិយាយថាចង់ចាកចេញអ្វីទាល់តែសោះ។
ជជែកដល់អនាគតខ្លួនប្រាប់ Sky Sport៖ “គ្រប់គ្នាដឹងហើយពីទំហំនៃការស្រលាញ់របស់ខ្ញុំជាមួយ Chelsea ហើយប្រសិនជាអាច ខ្ញុំនឹងនៅទីនេះដល់វ័យ ៤០ ឆ្នាំទៀតផង ប៉ុន្តែបាល់ទាត់ជាទូទៅហើយវាមិនចេះតែបែបហ្នឹងទេ”។
រូបគេបន្ត៖ “ខ្ញុំចូលចិត្តលេងនៅទីនេះ ហើយវាក៏មិនមែនជាការសម្រេចរបស់ខ្ញុំតែឯកឯងបានដែរ ពោលគឺវាស៊ីសងលើការសម្រេចរវាងភាគីក្លឹបដូចគ្នា ដោយកន្លងទៅយើងក៏មានការសន្ទនាជជែកគ្នារួចហើយដែរ អ៊ីចឹងសង្ឃឹមថាអាចនឹងបន្តនៅទីនេះទៀត”៕ ប្រភព៖ Metro