បិទការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ និង “ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩

កំពង់ចាម៖ ថ្ងៃចន្ទ ១២រាច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក បានអញ្ជើញជាអធិបតីក្នុង ពិធីបិទការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ និង “ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩ នៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម។

ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩ នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០១៩​ នៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ដោយមានកីឡាករ-កីឡាការិនីចំនួន ១៤០នាក់ ស្រី ៣៣នាក់ មកពីក្លឹបហែលទឹកចំនួន ០៨ស្ថាប័ន (ក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លឹបហែលទឹកក្រសួងមហាផ្ទៃ ក្លឹបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លឹបហែលទឹកនាគរាជកំពង់ចាម ក្លឹប​ហែល​ទឹកក្រសួងព័ត៌មាន ក្លឹបហែលទឹកខេត្តត្បូងឃ្មុំ ក្លឹបហែលទឹកប្លូដូហ្វីនស្វីមមីង និងក្លឹបប៉ារ៉ាអូឡាំពិកកម្ពុជា) បានចូលរួមប្រកួតប្រជែងលើវិញ្ញាសាចំនួន ៤៧ រួមមាន៖ វិញ្ញាសាហែលរបៀបសេរីផ្នែកបុរស-នារី ចម្ងាយ ៥០ម, ១០០ម, និង២០០ម វិញ្ញាសាហែលរបៀបកង្កែបផ្នែកបុរស-នារី ចម្ងាយ ៥០ម, ១០០ម, និង២០០ម វិញ្ញាសាហែលរបៀបផ្ងារបុរស-នារី ចម្ងាយ ៥០ម និង ១០០ម និងវិញ្ញាសាហែលបណ្ដាក់របៀបសេរីបុរស-នារី ៤×១០០ម និងកីឡាបាល់ទឹកជាដើម។ ចំណែកឯ ផ្នែកជនពិការមានវិញ្ញាសារបៀបសេរី ៥០ម និង១០០ម និងវិញ្ញាសាហែលរបៀបកង្កែប ចម្ងាយ ១០០ម ផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ដ្រីប្រធានសហព័ន្ធបានផ្ដល់កិត្តិយសចែកពានរង្វាន់ដល់កីឡាករ-កីឡាការិនីជ័យលាភីតាមវិញ្ញាសានីមួយៗផងដែរ ដែលរួមមាន៖ វិញ្ញាសា​ឯកត្តជន ចំណាត់ថ្នាក់លេខ១ ចំនួន ២៧នាក់ ម្នាក់ៗទទួលបានមេដាយមាស១ និងថវិកា ៣០០.០០០រៀល ចំណាត់ថ្នាក់លេខ២ មានចំនួន២៧នាក់ ម្នាក់ៗទទួលបានមេដាយប្រាក់១ និងថវិកា ២០០.០០០រៀល ចំណាត់ថ្នាក់លេខ៣ មានចំនួន២៧នាក់ ម្នាក់ៗទទួលបានមេដាយសំរឹទ្ធិ១ និងថវិកា ១២០.០០០រៀល។ វិញ្ញាសាបណ្ដាក់ ចំណាត់ថ្នាក់លេខ១ មានចំនួន ០៨នាក់ ម្នាក់ៗទទួលបានមេដាយមាស១ និងថវិកា ៣០០.០០០រៀល ចំណាត់ថ្នាក់លេខ២ មានចំនួន ០៨នាក់ ម្នាក់ៗទទួលបានមេដាយប្រាក់១ និងថវិកា ២០០.០០០រៀល និងចំណាត់ថ្នាក់លេខ៣ ចំនួន០៨នាក់ ម្នាក់ៗទទួលបានមេដាយសំរឹទ្ធិ១ និងថវិកា ១២០.០០០​រៀល។

ចំណែក រង្វាន់សម្រាប់ក្រុមដែលបានពិន្ទុច្រើនជាងគេ ចំណាត់ថ្នាក់លេខ១ មានចំនួន១ក្រុម ទទួលបានពាន១ និងថវិកា ១.២០០.០០០រៀល ចំណាត់ថ្នាក់លេខ២ មានចំនួន១ក្រុម ទទួលបានពាន១ និងថវិកា ៨០០.០០០រៀល និងចំណាត់ថ្នាក់លេខ៣ មានចំនួន១ក្រុម ទទួលបានពាន១ និងថវិកា ៤០០.០០០រៀល។ រង្វាន់សម្រាប់ក្រុមកីឡាបាល់ទឹក ចំណាត់ថ្នាក់លេខ១ មានចំនួន១ក្រុម គឺក្រុមខេត្តកំពង់ចាមយកឈ្នះក្រុមរាជធានីភ្នំពេញដោយលទ្ធផល ៥ទល់៤ ទទួលបានថវិកា ២.000.000រៀល និងចំណាត់ថ្នាក់លេខ២ មានចំនួន ១ក្រុម ទទួលបានថវិកា ១.២០០.០០០ រៀល។

បន្ថែមលើរង្វាន់ខាងលើ ឯកឧត្តមទេសរដ្ឋមន្ដ្រី ប្រធានសហព័ន្ធ បានឧបត្ថម្ភបន្ថែមដល់ កីឡាករ-កីឡាការិនី ទាំង១៤០នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកា ៥០.០០០​រៀល គ្រូបង្វឹក១២នាក់ ម្នាក់ៗ ថវិកា ១០០.០០០រៀល សហព័ន្ធខ្មែរកីឡាហែលទឹក ថវិកាចំនួន ៣.០០០.០០០រៀល គណៈកម្មការបច្ចេកទេស ចំនួន​៥៥​នាក់ ម្នាក់ៗទទួលបានថវិកា ៥០.០០០រៀល មន្ត្រីសុខាភិបាល ថវិកា ១.០០០.០០០រៀល មន្ត្រីសន្តិសុខសណ្ដាប់ធ្នាប់ ថវិកា ១.០០០.០០០រៀល សារព័ត៌មាន ថវិកា ១.០០០.០០០រៀល និងឧបត្ថម្ភសាល/អាងហែលទឹក ថវិកា ១.០០០.០០០រៀល៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT