ពហុកីឡដ្ឋាន​ជាតិនឹងក្លាយ​ជា​ទីតាំងប្រកួតជម្រុះ Play-off រវាងព្រះខ័នរាជស្វាយរៀង​និង​ Master 7ក្នុង AFC Cup

AFC Cup: ប្រភព​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្លិបព្រះខ័នរាជស្វាយរៀងនឹង​ប្រើប្រាស់ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាជាទីតាំងសម្រាប់ក្នុងការប្រកួតជម្រុះ AFC Cup រដូវកាល២០២០ នៅខែមករា ខាងមុខ ខណៈ​ដែលក្លិបជើង​ឯក​លីគ​កំពូល​កម្ពុជារដូវ​កាល​២០១៩មួយ​នេះ​ត្រូវ​ទទួល​ក្រុម Master 7 ដែលជាក្រុមជើងឯកលីគកំពូលឡាវ។

តាម​ពិត​ទៅ​!​ព្រះខ័នរាជស្វាយរៀង​មាន​កីឡដ្ខាន​របស់​ខ្លួន​ដែល​ពោល​គឺ​កីឡដ្ឋាន​ស្វាយរៀង​មាន​មូលដ្ឋាន​ក្នុង​ទីរួម​ក្រុមខេត្តស្វាយរៀង ប៉ុន្តែ​កីឡដ្ឋាន​មួយ​នេះ​មិន​ទាន់​ត្រូវតាម​ស្ដង់ដារ​របស់ AFC ក្លិប​បានសម្រេច​មក​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ​វិញ។ ក្នុង​ពាន​រង្វាន់​ AFC Cup នា​ពេល​កន្លង​មក​ក្លិបបឹងកេត និងណាហ្គាវើលដ៍ក៏ប្រើប្រាស់សម្រាប់ការប្រកួតរៀងៗខ្លួនតាំងពីវគ្គជម្រុះដល់វគ្គចែកពូល។

បញ្ជាក់​ឡើង​វិញ​ថា​ពេល​នេះ​ស្វាយរៀង​មិនមានកៅអីវគ្គចែកពូល AFC Cup នោះ​ទេ តែ​ក្លិប​ចាំបាច់ត្រូវបំពេញភារកិច្ចនៅវគ្គ Play-Off ជាមុនសិនដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២២ ខែមករា សម្រាប់ជើងទីមួយ និងជើងទីពីរនៅរដ្ឋធានីវៀងចន្ទន៍ មួយសប្ដាហ៍បន្ទាប់។

ក្រុមឈ្នះក្នុងចំណោមភាគីទាំងពីរនឹងឆ្លងចូលពូល G ដែលមាន Ceres Negros របស់ហ្វីលីពីន, ក្រុមវៀតណាម Than Quang Ninh និងក្លិបឥណ្ឌូនេស៊ី Bali United កំពុងរង់ចាំស្រាប់៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT