គ្រូបង្វឹករបស់ក្រុមមិចសិកូ មើលឃើញច្បាស់ថាកីឡាករល្អជាងគេក្នុងក្រុមជម្រើសជាតិប្រេស៊ីលនាពេលនេះ មិនមែនជា Neymar នោះទេ ពោលគឺខ្សែបម្រើ Coutinho ឯណោះ ដែលតែងតែបង្កើតឱកាសជានិច្ច។
ក្រុមជម្រើសជាតិប្រេស៊ីល ត្រូវតតាំងជាមួយក្រុមជម្រើសជាតិមិចសិកូ នៅវេលាម៉ោង៩យប់នេះ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។ ការប្រកួតនេះ ពិតជាស្វិតស្វាញសម្រាប់ក្រុមមិចសិកូ ត្បិតអីពួកគេទើបតែបរាជ័យក្រោមថ្វីជើងរបស់ស៊ុយអែត ៣-០ ប៉ុណ្ណោះនៅប្រកួតចុងក្រោយក្នុងពូល។ តែទោះជាយ៉ាងនេះក្ដី លោក Osorio គ្រូបង្វឹកមិចសិកូ នៅតែមានជំនឿចិត្តថាក្រុមរបស់ខ្លួននឹងអាចយកឈ្នះលើប្រេស៊ីលបាននៅប្រកួតយប់នេះ។
“មិនចម្លែកទេ នរណាក៏ដឹងថាប្រេស៊ីលមានកីឡាករល្អច្រើននៅតំបន់ប្រយុទ្ធ។ Willian, Douglas Costa, Neymar សុទ្ធតែល្អៗ ប៉ុន្តែខ្ញុំគិតថាកីឡាករល្អជាងគេរបស់ប្រេស៊ីលគឺ Coutinho ឯណោះទេ។ គាត់ជាកីឡាករម្នាក់ដែលមិចសិកូត្រូវតាមដានបំផុត ហើយក៏ជាកីឡាករសម្រេចសេចក្ដីក្នុងការប្រកួតផងដែរ”។ សម្ដីរបស់លោក Osorio ។
ប្រេស៊ីលនៅរាត្រីនេះ អាចនឹងបាត់បង់កីឡាករសំខាន់ច្រើនដូចជា Marcelo Costa និង Danilo ជាដើម ដែលសុទ្ធសឹងតែមានរបួស មិនទាន់ច្បាស់ថាអាចលេងបានឬអត់នោះទេ។ ដោយឡែកខាងមិចសិកូវិញមានម្នាក់ដែលមិន អាចលេងបានគឺ Moreno ដែលជាប់កាតក្រហម៕ប្រភព៖ Sport-english