Wenger ​៖ ​ខ្ញុំ​ឃើញ Salah ​មាន​អ្វី ដែល​ជា​របស់​ Messi ​

Arsene Wenger ​បាន​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ Mohamed Salah ​ថា​ជា​កីឡាករ​ពេញ​លក្ខណៈ​មួយ​រួប ​ដែល​អាច​យក​ទៅ​ប្រៀប​ធៀប​ជាមួយ Lionel Messi ​បាន​។

Salah ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​បាន​អភិវឌ្ឍ​សមត្ថភាព​លឿន​និង​លេចធ្លោ​ខ្លាំង​មែនទែន។ ​ជាក់​ស្ដែង​រូបគេ ​បាន​ជួយ​ក្រុម Liverpool ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល​មុន ​ហើយ​រដូវ​កាល​នេះ​កំពុង​ឈរ​លេខ​១​កំពូល​តារាង​លីគ​អង់គ្លេស​ថែម​ទៀត។ សមត្ថភាព​ដ៏​អស្ចារ្យ​និង​បច្ចេកទេស​អូស​បាល់​លឿន​នេះ​ហើយ ធ្វើ​ឱ្យ​លោក Wenger ​អតីត​អ្នក​ចាត់ការ​ក្រុម Arsenal ​កោត​សរសើរ​មិន​ដាច់​ពី​មាត់​ទេ។

តា​បារាំង​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​ចូល​ចិត្ត​ការ​លេង​របស់ Salah ។ គាត់​បង្កើត​ឱកាស​ក្នុង​តំបន់​គ្រោះ​ថ្នាក់​បាន​ល្អ ​ដែល​នោះ​ជា​អ្វី​អ្នក​រាល់​គ្នា​តែងតែ​ឃើញ​សម្រាប់ Messi ។ ខ្ញុំ​បាន​ឃើញ​ចំណុច​របស់ Messi ​ជា​ច្រើន ​មាន​នៅ​ក្នុង​ការ​លេង​របស់ Salah ។ គាត់​មិន​ត្រឹម​តែ​រក​គ្រាប់​បាល់​បាន​ទេ ​គាត់​ក៏​អាច​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​ល្អ​ថែម​ទៀត”៕ប្រភព៖ Dailymail

.

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT