ក្រុមចោរមួយក្រុមបានចូលទៅផ្ទះរបស់កីឡាករ Nelson Semedo អំឡុងពេលកីឡាកររូបនេះ កំពុងលេងឱ្យក្រុម FC Barcelona ទល់ក្រុម Real Madrid នៅយប់មិញ។
ប៉ូលិសបានបញ្ជាក់ថាក្រុមចោរទាំងអស់នោះ បានលួចយករបស់មានតម្លៃជាច្រើនក្នុងផ្ទះ ប៉ុន្តែគេមិនទាន់អាចវាយតម្លៃថាគិតជាប្រាក់អស់ប៉ុន្មាននៅឡើយទេ។ បច្ចុប្បន្ននេះនៅតំបន់កាតាឡាន់កំពុងមានភាពវឹកវរខ្លាំង ដោយសារតែមានបាតុកម្មច្រើន ជំទាស់ជាមួយប្រទេសអេស្ប៉ាញ។ អាជ្ញាធរក្នុងតំបន់បានប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ជៀសវាងមានជនឆ្លៀតឱកាស។
និយាយពីបញ្ហាចោរចូលផ្ទះកីឡាករវិញ នៅអេស្ប៉ាញសឹងតែកើតឡើងញឹកញាប់ខ្លាំងមែនទែន មិនថាម្នាក់នោះល្បីកម្រិតណាទេ ក៏នៅតែមានចោរអាចចូលទៅលួចរបស់របរបានដដែល។ សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានប្រកាសប្រាប់កីឡាករទាំងអស់ថាមិនត្រូវបង្ហាញអាសយដ្ឋានរបស់ខ្លួនជាសាធារណៈឡើយ៕ប្រភព៖ Dailymail