Erling Haaland បច្ចុប្បន្នកំពុងគិតយ៉ាងស៊ីជម្រៅ ទាក់ទិននឹងទ្រនំថ្មីដែលខ្លួនត្រូវផ្លាស់ទៅចូលរួមនៅខែមករាខាងមុខ បន្ទាប់ពីមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗជាច្រើនមានតាំងពី Man Utd, Juventus, Borussia Dortmund និង RB Leipzig ជាដើម។
តាមប្រភព Fabrizio Romano បានបញ្ជាក់ថា Haaland ទាមទារលក្ខខណ្ឌពិសេសមួយរវាងបណ្តាក្លឹបទាំងអស់ ហើយក្នុងចំណោមនោះគឺ Man Utd ទំនងមានភាគរយខ្ពស់ជាងគេ។
ក្រៅពីតម្លៃខ្លួន កីឡាករន័រវែសទាមទារឲ្យខ្លួនអាចជាប់នៅជម្រើស ១១ រូបដំបូង លេងទៀងទាត់រៀងរាល់សប្តាហ៍ ពោលមិនមែនទិញហើយយកទៅអង្គុយបម្រុងឡើយ។
ឆ្លើយតបនឹងរឿងនេះ Ole Gunnar Solkjaer ក៏ប្រហែលអាចជានឹងព្រមព្រៀង ព្រោះនៅតំបន់ប្រយុទ្ធរបស់ក្រុមក៏កំពុងមានការខ្វះខាតក្រោយបាត់បង់កីឡាករ Alexis Sanchez និង Romelu Lukaku ឲ្យទៅក្លឹបនៅទឹកដីអ៊ីតាលី៕ ប្រភព៖ FoxSportAsia