Kylian Mbappe ខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំង និងជាអ្នករកគ្រាប់បាល់បាន២គ្រាប់ក្នុងជ័យជម្នះបារាំង ៤-៣ អាហ្សង់ទីនផងដែរ។
ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេះ កំពុងសាងកេរ្តិ៍ឈ្មោះខ្លាំង ទាំងបច្ចេកទេស និងបន្លាស់ទីរបស់គេនៅព្រឹត្តិការណ៍ World Cup 2018 នេះ។ មានវីរបុរសបាល់ទាត់ជាច្រើន កំពុងតាមដានជើងរបស់ Kylian Mbappe ដោយសារតែរូបគេនៅក្មេងសោះ ប៉ុន្តែចិត្តគំនិតក្នុងការលេងបាល់ និងបច្ចេកទេសបញ្ចប់ទី ពិតជាល្អខ្លាំងមែនទែន។
ចំពោះ Mbappe លេងល្អនេះដែរ អ្នកចាំទី Hugo Lloris ដែលជាប្រធានក្រុមជម្រើសជាតិបារាំងបាននិយាយថា៖ “សម្រាប់ខ្ញុំ គឺមិនភ្ញាក់ផ្អើលនោះទេ ខ្ញុំបានឃើញគេលេងរាល់ថ្ងៃ។ គុណសម្បត្តិពីកំណើតរបស់គាត់ គឺល្បឿននៃការរត់ ប្រសិនបើគាត់មានចន្លោះរត់ហើយ គឺមិនងាយខ្សែការពារតាមបិទទាន់នោះទេ។ គាត់អាចរត់ទម្លុះប្រព័ន្ធការពារក្រុមទាំងអស់ ប្រសិនបើខ្សែបម្រើអាចបោះបាល់ឱ្យគាត់បានល្អ”។
កីឡាករលេងនៅក្លឹប PSG និងមាន Idol ឈ្មោះថា Cristiano Ronaldo នេះ មានល្បឿនអតិបរមា៣៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ខណៈដែលបារាំង លេងបាល់ទល់អាហ្សង់ទីនឃើញថា ភាគច្រើនឱ្យតែមានចន្លោះគឺពួកគេបោះបាល់ឱ្យ Mbappe រត់ហើយ៕ប្រភព៖ DailyMail