ថៃ ​នឹង​ប្ដូរ​កីឡាករ​នៅ​ឈុត U23 ​ទៀត ​ក្រោយ​បរាជ័យ​នៅ​ស៊ីហ្គេម​

ថៃ ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ពាន​រង្វាន់ AFC U23 Championship ​នា​ខែ​មករា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ខណៈ​ដែល​ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ​នៅ​មិន​ទាន់​រក​ឃើញ​ជម្រើស​កីឡាករ​ល្អ​នៅ​ឡើយ​ទេ។

លោក Nishino ​គ្រូ​បង្វឹក​ក្រុម​ថៃ ​បាន​បញ្ជាក់​ថា​លោក​នឹង​ធ្វើ​ការ​កោះហៅ​កីឡាករ​បន្ថែម ដើម្បី​បោះ​ជំរុំ​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី​២៦​ខែ​ធ្នូ​នេះ។ ​ស្រប​ពេល​កីឡាករ​ដែល​មាន​ឈ្មោះ​កាល​នៅ​ស៊ីហ្គេម​កន្លង​ទៅ ​មិន​អាច​ធានា​កៅអី​របស់​ខ្លួន​បាន​ឡើយ។ ​ការ​មិន​ប្រញាប់​ក្នុង​ការ​ប្រមូល​ផ្ដុំ​នេះ គឺ​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​បញ្ជាក់​ថា​លោក​ចង់​ឱ្យ​កីឡាករ​សម្រាក ប្រមូល​អារម្មណ៍​ឱ្យ​បាន​ល្អ ​ក្រោយ​ពី​បរាជ័យ​នៅ​ប្រទេស​ហ្វីលីពីន។

អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ​បាន​បន្ថែម​ថា​៖ “យើង​នៅ​មាន​កន្លែង​ច្រើន​ទៀត ដែល​ត្រូវ​ពង្រឹង​បន្ថែម។ យើង​នឹង​ត្រូវ​បន្ថែម​សមាសភាព​កីឡាករ​ថ្មី​មក​រួម​ក្រុម ​ហើយ​បញ្ជី​ឈ្មោះ​នឹង​ចេញ​នៅ​ពេល​ខាង​មុខ​នេះ។ ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ​យើង​សង្ឃឹម​ថា​អ្នក​គាំទ្រ​នឹង​ក្លាយ​ជា​កម្លាំង​ចិត្ត​ធំ​មួយ​សម្រាប់​ក្រុម​ក្នុង​ការ​ប្រកួត​នេះ”។

ការ​ប្រកួត AFC U23 Championship ​នា​ពេល​ខាង​មុខ​នេះ ​ថៃ​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម U23 ​បារ៉ែន ​អូស្ត្រាលី ​និង​អ៊ីរ៉ាក់។ ​ការ​ប្រកួត​នេះ ​ក្រុម​ចំណាត់​ថ្នាក់​ពី​លេខ​១​ដល់​លេខ​៣ នឹង​មាន​ឱកាស​បាន​ទៅ​លេង​ព្រឹត្តិការណ៍​អូឡាំពិក២០២០ ​នៅ​ប្រទេស​ជប៉ុន៕ប្រភព៖ Bangkokpost

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT