មេ​ធំ Salzburg ប្រាប់​ត្រង់ៗ​ពី​ក្លឹប ២ មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​យក Haaland

ប្រធាន​ផ្នែក​កីឡា​របស់​ក្លឹប Red Bull Salzburg លោក Christoph Freund បាន​បញ្ជាក់​ជា​ផ្លូវការ​ថា Erling Haaland ពិត​ជា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្លឹប Borussia Dortmund និង RB Leipzig ដើម្បី​សិក្សា​លើ​លទ្ធភាព​ក្នុង​ការ​ផ្លាស់​ចេញ​នា​ទីផ្សារ​ដោះដូរ​ខាង​មុខ​នេះ​ពិត​មែន។

Haaland ជា​យុវជន​លេចធ្លោ​មួយ​រូប​នៅ UEFA Champions League ​ក្រោយ​រក​បាន ៨ គ្រាប់​ម្នាក់​ឯង ទាំង​ខ្លួន​ស្ថិត​នៅ​វ័យ ១៩ ឆ្នាំ​តែ​ប៉ុណ្ណោះ។ ជា​រឿង​សោកស្តាយ​ដែល Salzburg បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល ក្រោយ​មិន​អាច​យក​ឈ្នះ​ទៅ​លើ​ហង្ស​ក្រហម Liverpool នា​ប្រកួត​ជុំ​ចុង​ក្រោយ។

លោក Freund ​បាន​ទម្លាយ​ថា៖ “យើង​កំពុង​ស្ថិត​ក្នុង​ការ​ជជែក​ពិភាក្សា ដោយ​ជា​ការ​ពិត​យើង​បាន​ដឹង​ហើយ Haaland បាន​ហោះ​ទៅ Leipzig និង Dortmund កន្លង​ទៅ ដោយ​គ្រប់​គ្នា​នៅ​ទី​នេះ​សុទ្ធ​សឹង​ជូនពរ​ចង់​ឲ្យ​មាន​រឿង​ល្អ​បំផុត​កើត​ឡើង​សម្រាប់​គេ”៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT