កីឡាការិនីគុនចម្រុះកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី បានរៀនសូត្រច្រើនអំពីបរាជ័យនៅសង្វៀន ONE Championship លើកទី១កាលពីដើមខែធ្នូកន្លងទៅនេះ។ អែម សុវណ្ណារី ដែលប្រកួតតំណាងឲ្យកម្ពុជាចាញ់កីឡាការិនីសញ្ជាតិប្រេស៊ីល Rayane Bastos ត្រឹមទឹកទី១ ដោយសារក្បាច់ឃ្លេកក្នុងកម្មវិធី ONE: MARK OF GREATNESS កាលថ្ងៃទី ៦ ខែ ធ្នូ នៅក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី។
កូនខ្មែរនៅអាមេរិកបាន អែម សុវណ្ណារី បានថ្លែងថា ៖«ខ្ញុំសូមសរសើរដល់ Rayane គេពិតជាខ្លាំងមែនគេធ្វើបានល្អណាស់ទល់នឹងខ្ញុំ។ ប៉ុន្តែខ្ញុំបានរៀនសូត្រច្រើនអំពីការប្រកួតនេះ និង យកទៅអភិវឌ្ឍខ្លួនឲ្យល្អប្រសើរដើម្បីប្រកួតបន្ទាប់»។
សុវណ្ណារី បានដឹងរួចហើយថា ការប្រកួតនេះជាការប្រកួតដ៏លំបាកមួយ ព្រោះRAYANE មានកម្លាំងខ្លាំង និង ពូកែខាងចំបាប់រួមទាំងឃ្លេ។ យ៉ាងណាក្ដី កីឡាការិនីសម្បុរស្រអែមមកពីអាមេរិកមិនអាចការពារក្បាច់ឃ្លេរបស់ កីឡាការិនីប្រេស៊ីលបានឡើយ។ សុវណ្ណារី បានប្រាប់កន្លងមកថា រូបគេមិនឲ្យដៃគូចូលចាប់ងាយៗទេ ប៉ុន្តែបែរជាត្រូវចូលក្បាច់គាបដើមដៃរបស់ Rayane ទៅវិញទោះខំប្រឹងរើ ក៏រើមិនរួចដែរ។ ការប្រកួតនៅទឹកដំបូងនេះ អែម សុវណ្ណារី បានព្យាយាមប្រើកណ្ដាប់ដៃ និង ទាត់ជើងដើម្បីការពារក្បាច់របស់ Rayane។
ប៉ុន្តែពេលដែល សុវណ្ណារី បានចូលចាប់ជើងបានសម្រេចក្នុងគោលដៅដើម្បីផ្ដួល កីឡាការិនីប្រេស៊ីល បានប្រើក្បាច់ដៃឃ្លេក សុវណ្ណារី ជាប់មិនឲ្យរើរហូតដួលទៅនឹងក្ដាររេញ។ ទោះខំរើយ៉ាងណា ក៏ សុវណ្ណារី មិនអាចគេចផុតពីក្រញាំដៃរបស់ កីឡាការិនីវ័យ ២០ ឆ្នាំមកពីប្រេស៊ីលដែរ។ ទីបំផុត អែម សុវណ្ណារី ទះដៃខ្លួនរបស់គូប្រជែងដើម្បីសុំចុះចាញ់ដោយសារតែទ្រាំលែងបានត្រឹមរយៈពេល ២ នាទី និង ៤០ វិនាទី។ ជ័យជម្នះនេះធ្វើឲ្យ Rayane ម្ចាស់ជើងឯក៥សម័យកាលក្នុងការប្រកួតជើងឯកក្បាច់ជឺជិតស៊ូនៅស្រុកកំណើតមិនដែលស្គាល់ពាក្យចាញ់ក្នុងការប្រកួតអាជីព (ឈ្នះ ៤ និង ស្មើ១ដង) ហើយវាជាជ័យជម្នះលើកដំបូងនៅសង្វៀន ONE Championship។
សុវណ្ណារី សង្កត់ធ្ងន់ថា៖«ខ្ញុំបានមើលវីដេអូលម្អិត និង វិភាគសម្រាប់បរាជ័យរបស់ខ្ញុំលើកនេះ។ ខ្ញុំត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀនសូត្រអំពីការប្រកួតវាយដាក់ទ្រុងបន្ត។ គម្រោងរបស់ខ្ញុំ គឺចង់បានការប្រកួតច្រើនទៀតនៅឆ្នាំ ២០២០។ ឥឡូវនេះខ្ញុំបានចាប់ផ្ដើមហ្វឹកហាត់វិញហើយក្រោយត្រលប់ពីម៉ាឡេស៊ី។ ខ្ញុំចង់ប្រកួតនៅកម្រិតខ្ពស់បន្ថែមទៀត»។