Jose​៖ ​កុំ​គិត​ពី​ប្រកួត​ចាញ់ Bayern ​ច្រើន ត្រូវ​គិត​ប្រកួត​យប់​នេះ​វិញ​

លោក Jose Mourinho ​មិន​ឱ្យ​កីឡាករ Spurs ​មើល​វីដេអូ ​ឬ​យក​រឿង​ដែល​ចាញ់​ក្រុម Bayern Munich ​៧-២ ​មក​រំលឹក ​មុន​ប្រកួត​ជា​ថ្មី​ម្ដង​ទៀត​នៅ​យប់​នេះ​ទេ។

ស្ថិត​ក្នុង​ពូល​ជាមួយ​គ្នា UEFA Champions League ​កាល​ពី​ជើង​ទី​១កន្លង​ទៅ ​ក្រុម Spurs ​បាន​បរាជ័យ​ធ្ងន់​ក ​៧-២ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Bayern Munich ​។ ​យ៉ាងណាមិញ ​នោះ​ជា​រឿង​អតីត​កាល​ប៉ុណ្ណោះ ​លោក Jose ​មិន​ឱ្យ​កីឡាករ​រំលឹក​វា​ទៀត​នោះ​ទេ ​ខណៈ​ដែល​យប់​នេះ​ប៉ះ​ក្រុម Bayern ​ដដែល ​ប៉ុន្តែ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ខុស​គ្នា។

“ខ្ញុំ​បាន​មើល​ការ​ប្រកួត​នោះ​ច្រើន​ដង​ហើយ ដើម្បី​វិភាគ។ ​ខ្ញុំ​មិន​ចង់​និយាយ​ពី Bayern ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឱ្យ​កីឡាករ​យើង​បំភ្លេច​វា​ចោល ​ហើយ​ប្រឹងប្រែង​លេង​តាម​របៀប​របស់​យើង។ វា​ជា​រឿង​ល្អ ​នៅ​ពេល​យើង​គិត​ពី​ក្រុម​ខ្លួន ​ជា​ជាង​ចំណាយ​ពេល​រំលឹក​រឿង​ចាស់ ​ហើយ​មើល​តែ​ពី​ក្រុម​គេ​ដទៃ​”។ សម្ដី​របស់ Jose ​។ ​

រំលឹក​ថា​ប្រកួត​រវាង​ក្រុម Bayern Munich ​និង Spurs ​នេះ គ្រាន់តែ​ជា​ប្រកួត​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ព្រោះ​ពួកគេ​បាន​ឡើង​ទៅ​ជុំ​បន្ដ​ដូច​គ្នា​ហើយ។ ​បើ​ទោះ​ជា Spurs ​ឈ្នះ ​ក៏​នៅ​តែ​លេខ​២​ដដែល​ទេ ព្រោះ​បច្ចុប្បន្ន​មាន​១០​ពិន្ទុ ស្រប​ពេល Bayern ​មាន​១៥​ពិន្ទុ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT