រវត្តិគួរស្វែងយល់ពី ពាន AFF U-19 Championship ដែលបើកឆាកថ្ងៃនេះ

ការប្រកួតពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ ២០១៨ នឹងចាប់ផ្តើមពីថ្ងៃទី ១ ខែ កក្កដានេះ តទៅ ដោយមានសមាសភាព ១១ក្រុមចូលរួម បែងចែកជាពីរពូល ។

ក្នុងនោះពូល A មានក្រុមការពារជើងឯក ជម្រើសជាតិថៃ, ម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី, វៀតណាម, សិង្ហបុរី, ឡាវ និង ហ្វីលីពីន ខណៈដែលពួកគេនឹងត្រូវប្រកួតតទល់គ្នាចំនួន ៣គូ ក្នុងថ្ងៃនេះ ។

សម្រាប់ពូល B មានដូចជាក្រុមរងជើងឯក ម៉ាឡេស៊ី, កម្ពុជា, ទីម័រខាងកើត, ព្រុយណេ និង មីយ៉ាន់ម៉ា ហើយនឹងធ្វើការប្រកួតចាប់ពីថ្ងៃទី ២ ខែ កក្កដា តទៅ ។

គួរបញ្ជាក់ថាប្រភេទពានរង្វាន់យុវជននេះ ថៃជាប្រទេសដែលជោគជ័យបំផុត ពោលគឺធ្លាប់ដណ្តើមពានរង្វាន់បាន ៥សម័យកាល (២០០២,០៩,១១,១៥,១៧) ។ សម្រាប់ក្រុមជើងឯកដទៃទៀតមានដូចជា វៀតណាម (២០០៧) ឥណ្ឌូនេស៊ី (២០១៣) និងមីយ៉ាន់ម៉ា ២លើក (២០០៣,០៥) ។

សូមជម្រាបជូនផងដែរថា កម្ពុជា ពុំធ្លាប់ឆ្លងផុតវគ្គជម្រុះពូលម្តងណាឡើយ ចាប់តាំងពីចូលរួមអស់រយៈពេល ៩លើកកន្លងមក ។

ឆ្នាំនេះ កម្ពុជា នឹងបង្ហាញខ្លួនក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Musashi MIZUSHIMA ក្រោយលោក Inou Kazunori ផុតកុងត្រាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

ប្រកួតដំបូងនៅថ្ងៃស្អែកនេះ កម្ពុជា ត្រូវជួបព្រុយណេ វេលាម៉ោង ៧យប់ នៅកីឡដ្ឋាន Joko Samudro ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT