កាលពីយប់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨ នេះ នៅប្រទេសឥណ្ឌូនេស៊ី នៃការប្រកួតពានរង្វាន់បាល់ទាត់នារី AFF Women’s Championship ពូល A បានបង្ហាញឲ្យឃើញថា អូស្ត្រាលី បំបាក់ ម៉ាឡេស៊ី ៧-០ និង កម្ពុជា យកឈ្នះ ទីម័រខាងកើត ជាមួយនឹងគ្រាប់បាល់ច្រើនឥតគណនា ១២-០ ។
ជ័យជម្នះនេះ ត្រូវបានលោក មាស សំអឿន ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ថ្លែងថាក្រោយចប់ការប្រកួតថា « ការចាប់ផ្តើមល្អ គ្រាប់បាល់ល្អ ដូចនេះមិនមានបញ្ហាអ្វីទេ » ។
គេមិនបានឃើញប្រសាសន៍របស់គ្រូបង្វឹកទីម័រខាងកើត ក្រោយចប់ការប្រកួតនោះទេ ប៉ុន្តែបើក្រឡែកទៅស្តាប់សម្តីរបស់គាត់ ដែលបាននិយាយនៅក្នុងសន្និសីតសារព័ត៌មានមុនការប្រកួត « យើងបានចាប់ផ្តើមហ្វឹកហាត់នៅខែមីនា ដូច្នេះយើងមិនមានពេលវេលាច្រើននោះទេ។ កម្រិតរបស់យើងមិនស្ថិតក្នុងកម្រិតខ្ពស់ទេដូច្នេះយើងត្រូវតែមានភាពជឿជាក់ នេះជាផ្លូវដែលយើងត្រូវដើរ។ ក្រុមទាំងអស់នៅទីនេះខ្លាំងណាស់។ ដូច្នេះគោលដៅរបស់យើងគឺមានតែកម្ពុជាប៉ុណ្ណោះ ប្រសិនយើងអាចធ្វើបាន ។
យ៉ាងណាមិញ លទ្ធផល ១២-០ ទល់នឹងទីម័រខាងកើត យប់មិញនេះ បាននាំឲ្យកម្ពុជា ឈរកំពូលតារាងពូល A និងមានពិន្ទុស្មើជាមួយអូស្រ្តាលី ខណៈប្រកួតបន្ទាប់ កម្ពុជា ត្រូវជួបម៉ាឡេស៊ី នៅថ្ងៃទី ០២ ខែ កក្កដា នេះ ។
១២គ្រាប់របស់កម្ពុជា កើតឡើងពីការសម្រេចទីដោយកីឡាការនី ហួត គឹមហុង (ប្រធានក្រុម) ៦គ្រាប់ម្នាក់ឯង, បាន ជាវៃ ( ៣គ្រាប់ ) ពឿន គន្ធា នន មិនា ចាយ ស្រីលាប (ម្នាក់មួយគ្រាប់) ៕