ដឹងមូលហេតុដែលបឹងកេតយកលោក Apisit មកដឹកនាំជំនួសគ្រូខ្មែរ

ភាពជោគជ័យនៅកម្ពុជាពីមុនមកបូករួមនឹងការយល់ពីកីឡាករខ្មែរបានច្រើន គឺជាដើមចមដែលក្លិបបាល់ទាត់បឹងកេតសម្រេចតែងតាំងលោក Apisit Im Amphai គ្រូបង្គោលថ្មីសម្រាប់រដូវកាល២០២០។ នេះបើតាមការបង្ហើបឲ្យដឹងពីអគ្គលេខាធិការក្លិប លោក បែ មករា។

ថ្នាក់ដឹកនាំក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ថែមថា ក្លិបក៏ចង់មានការផ្លាស់ប្ដូរអ្វីថ្មីៗ ហើយយោងតាមសមិទ្ធផលដែលគ្រូបង្វឹកជនជាតិថៃខាងលើធ្លាប់មាននៅកម្ពុជា លោកជឿថា នឹងមានភាពកាន់តែប្រសើរនៅរដូវកាលថ្មី។

លោក បែ មករា ពន្យល់ ៖”យើងចង់បានអ្វីដែលថ្មី ដើម្បីអភិវឌ្ឍកាន់តែប្រសើរ ហើយយើងមើលឃើញសមត្ថភាព ភាពប៉ិនប្រសព្វរបស់គាត់ សំខាន់បំផុត គឺគាត់យល់ពីកីឡាករខ្មែរច្រើន អ៊ីចឹងយើងសម្រេចចិត្តយកគាត់មក ដើម្បីឲ្យមានការផ្លាស់ប្ដូរថ្មីៗក្នុងក្រុម”។

គួរដឹងដែរថា លោក Apisit Im Amphai ធ្លាប់ដឹកនាំភ្នំពេញក្រោនឈ្នះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០០៨, ២០០៩ និងលីគកំពូល ឆ្នាំ២០០៨ និង២០១០។ កិច្ចសន្យារបស់លោកនៅបឹងកេត គឺមានសុពលភាពមួយឆ្នាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT