Ozil ​ស្រែក​ដាក់​មិត្ត​រួម​ក្រុម ​ក្រោយ Arsenal ​បន្ដ​ចាញ់​ទៀត​

​ក្រុម​កាំភ្លើង​ធំ​ Arsenal ​លេង​ចាញ់​ក្រុម Brighton ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ​។

លទ្ធផល​ចាញ់​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម Arsenal ​កាន់​តែ​ដុនដាប​ទៅ​ហើយ ​ក្រោយ​ពី​ចាញ់​ផ្ទួន​ៗ​គ្នា រហូត​ដល់​ដក​អ្នក​ចាត់ការ Emery ​ចេញ ​ហើយ​តែងតាំង​គ្រូ​ជំនួយ​ហើយ​នៅ​តែ​ចាញ់​ទៀត។ ​មួយ​វិញ​ទៀត ​ក្នុង​ការ​ប្រកួត​យប់មិញ ​គេ​សង្កេត​ឃើញ Ozil ​មិន​សប្បាយ​ចិត្ត​ជាមួយ​មិត្ត​រួម​ក្រុម​ឡើយ រូបគេ​បាន​ស្រែក​ដាក់ Lacazette ​ក្រោយ​ចប់​ការ​ប្រកួត បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ ​ធ្វើ​ព្រងើយ​នៅ​ពេល​ក្រុម​បរាជ័យ។

ខ្សែ​បម្រើ​អាល្លឺម៉ង់​ខាង​លើ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នេះ​ទៀត​ថា ​ក្រុម Arsenal ​បាន​បង្កើត​ឱកាស​ច្រើន​មែនទែន​សម្រាប់​ការ​ប្រកួត ប៉ុន្តែ​បែរ​ជា​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​បាន​ទៅ​វិញ។ ​ដោយ​ឡែក​ការ​សម្រុក​របស់​ដៃ​គូ​ម្ដង​ៗ ​តែងតែ​មាន​ប្រសិទ្ធភាព​ទៀត ដូច្នេះ​ហើយ​ទើប​បាន​ជា​ក្រុម​មិន​អាច​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​នេះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT