Cristiano Ronaldo និយាយថាក្រុមព័រទុយហ្គាល់ បានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយមែន ប៉ុន្តែនេះជាការសម្រេចគោលដៅមួយសម្រាប់ក្រុម។
កាលពីយប់មិញនេះ ព័រទុយហ្គាល់លេងបានល្អ និងមានឱកាសច្រើនដែរ ទល់ក្រុមអ៊ុយរុយហ្គាយ ប៉ុន្តែធ្វើមិនបានសម្រេចឡើយ។ ផ្ទុយទៅវិញ អ៊ុយរុយហ្គាយ ឯណោះ បានរកជ័យជម្នះបាន ដោយកីឡាករ Cavani ធ្វើបានសម្រេចទាំងពីរគ្រាប់។ ចំពោះបរាជ័យត្រឹមវគ្គ១៦ក្រុមចុងក្រោយនេះដែរ Ronaldo មិនសោកស្ដាយនោះទេ ត្បិតអីសមាជិកក្រុមទាំងមូលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ។
“ខ្ញុំចូលរួមអបអរដល់ អ៊ុយរុយហ្គាយដែលបានឡើងវគ្គបន្ដ។ ខ្ញុំគិតថាយើងលេងយប់មិញបានល្អ ហើយគួរបានលទ្ធផលល្អជាងនេះ ប៉ុន្ដែដូចខ្ញុំបាននិយាយអីចឹង បាល់ទាត់លេងល្អមួយមុខមិនគ្រប់គ្រាន់នោះទេ អ្នកត្រូវរកគ្រាប់បាល់ឱ្យបានទើបឈ្នះគេ។ យើងចាកចេញពី World Cup ដោយមិនអោនមុខចុះឡើយ។ ក្នុងនាមជាប្រធានក្រុម ខ្ញុំដឹងថាក្រុមយើងប្រឹងប្រែងខ្លាំងណាស់ ហើយយើងគួរតែមានមោទនភាពចំពោះក្រុមយើង។ ខ្ញុំក៏អរគុណដល់ម្ចាស់ផ្ទះរុស្ស៊ីផងដែរ ដែលបានរៀបចំកម្មវិធីបានយ៉ាងល្អ”៕ប្រភព៖ MARCA