កម្ពុជា​ប្រឈម​ខ្ពស់​ត្រូវជួប​វៀតណាម​នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ស៊ីហ្គេម ២០១៩

បន្ទាប់​ពី​យក​ជ័យជម្នះ​ទៅ​លើ​ម៉ាឡេស៊ី ៣-១ ទី​បំផុត​ក្រុម​បាល់ទាត់ U22 របស់​កម្ពុជា​បាន​សាង​ប្រវត្តិសាស្រ្ត​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ជា​លើក​ដំបូង ទន្ទឹម​ពេល​ដែល​ហ្វីលីពីន​ជា​ក្រុម​មាន​ឱកាស​ត្រូវ​ទីម័រ​វាយបក​គ្រាប់​បាល់​ចុង​ម៉ោង ៦-១។

មក​ទល់​ពេល​នេះ​កម្ពុជា​ត្រូវ​រង់ចាំ​អុត​មើល​លទ្ធផល​ពី​ក្រុម​ដែល​ខ្លួន​ត្រូវ​តតាំង​នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​នា​ថ្ងៃ​ទី ៧ ធ្នូ ដោយ​រួម​មាន​វៀតណាម ថៃ ឬ​ឥណ្ឌូណេស៊ី។ កម្ពុជា​ដែល​ជា​ក្រុម​ឈរ​លេខ​ពីរ​នៅ​ពូល A ត្រូវ​តតាំង​ក្រុម​ឈរ​លេខ​មួយ​នៅ​ពូល B។

បច្ចុប្បន្ន​វៀតណាម​កំពុង​នាំ​មុខ​កំពូល​តារាង​មាន ១២ ពិន្ទុ ហើយ​ប្រកួត​ចុង​ក្រោយ​ត្រូវ​ប៉ះ​ថៃ​បែប​នេះ​ប្រសិន​ស្មើ​ឬ​ឈ្នះ នោះ​វៀតណាម​នឹង​ត្រូវ​ប៉ះ​កម្ពុជា​នៅ​វគ្គ​បន្ទាប់។ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​វៀតណាម​ចាញ់ ហើយ​ថៃ​យក​ឈ្នះ​ដាច់ ៤ គ្រាប់ ជួន​ពេល​ឥណ្ឌូណេស៊ី​ត្រូវ​ស្មើ​ឬ​ចាញ់​ទល់​ឡាវ នោះ​គូ​តតាំង​នៅ​វគ្គ​បន្ទាប់​របស់​គោព្រៃ គឺ​ត្រូវ​ប៉ះ​ក្រុម​ដំរី​ថៃ។

នៅលក្ខខណ្ឌស្មុគស្មាញមួយផ្សេងទៀត គឺប្រសិនទាំងឥណ្ឌូណេស៊ី និងថៃអាចយកជ័យជម្នះ នោះនឹងមានការប្រៀបធៀបគ្រាប់បាល់ ហើយក្រុមដែលនាំមុខគ្រាប់បាល់គឺត្រូវចាប់ឲ្យជួបកម្ពុជាដើម្បីជម្រុះយកក្រុមខ្លាំងឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT