Cantona ៖ ​គ្រូ​អាហ្សង់ទីន ដូច​អ្នក​ធ្វើ​ការ​នៅ​ក្លឹប​រាត្រី មិន​ដឹង​ត្រូវ​ដាក់​កីឡាករ​ណា​លេង​ផង

បរាជ័យ​ក្រោម​ថ្វី​ជើង​បារាំង ៤-៣ ​យប់មិញ ​បាន​ធ្វើ​ឱ្យ​អាហ្សង់ទីន​ហាល​អាវ​នៅ​ព្រឹត្តិការណ៍ FIFA World Cup 2018 ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ហើយ។

ទម្រង់​លេង​អាហ្សង់ទីន ​មុន​ការ​ចាញ់​យប់មិញ​ទៀត ក៏​ត្រូវ​បាន​គេ​រិះគន់​មិន​តិច​ដែរ។ ជា​ពិសេស​លោក Jorge Sampaoli ​គ្រូ​បង្វឹក​ផ្ទាល់​តែ​ម្ដង ដែល​តែងតែ​និយាយ​លើក Lionel Messi ​ខ្លាំង ​ហើយ​ទៅ​បង្អាប់​កីឡាករ​ដទៃ​ទៀត។ រហូត​ដល់​មតិ​ខ្លះ ​បាន​យល់​ឃើញ​ថា​សម្តី​របស់​គ្រូ​បង្វឹក​រូប​នេះ ​ហាក់​ដូចជា​មិន​សម​ក្លាយ​ខ្លួន​ជា​គ្រូ​ក្រុម​ជម្រើស​ជាតិ​ធំ​មួយ​នោះ​ទេ។

Eric Cantona ​អតីត​កីឡាករ​កំពូល​របស់ Manchester United ​បាន​បង្ហាញ​អារម្មណ៍​ចំពោះ​គ្រូ​បង្វឹក​ខាង​លើ​ថា​៖ “Lionel Messi  ​ប្រហែល​ជា​មិន​ទាន់​អាច​ល្អ​បំផុត​លើ​លោក​ទេ (Greatest of All Time) ​ប៉ុន្តែ​ច្បាស់​ណាស់​គាត់​អាច​ធ្វើ​ជា​គ្រូ​បាន។ ពេល ​Sampaoli ​សួរ​គាត់​ពី​ការ​ដូរ​កីឡាករ ​នោះ​គឺ​ច្បាស់​ណាស់​ថា ​លោក Sampaoli ​គ្មាន​ចេះ​អ្វី​នោះ​ទេ។ Sampaoli ​ដូច​ជា​អ្នក​ធ្វើ​ការ​នៅ​ក្លឹប​រាត្រី ដែល​មិន​ដឹង​សូម្បី​ថា​នរណា​ត្រូវ​ដាក់​ចូល ​និង​ដក​ចេញ”។

អាហ្សង់ទីន បរាជ័យ​លើក​នេះ ​អាច​នឹង​ប៉ះ​ពាល់​ដល់​តំណែង​របស់​លោក  Sampaoli ​ជាក់​ជា​មិន​ខាន ត្បិត​អី​តាំង​ពី​វគ្គ​ក្នុង​ពូល​ដែល​ចាញ់​ក្រូអាត ៣-០ នោះ ​មាន​អ្នក​គាំទ្រ​ជា​ច្រើន ចង់​ឱ្យ​សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន បណ្ដេញ​គ្រូ​បង្វឹក​រូប​នេះ​ចេញ​ទៅ​ហើយ៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT