អែម សុវណ្ណារី ​អាច​ទៅ​រួច​ជា​មួយ​​ RAYANE ​ឬ​​យ៉ាងណា?​​

​អែម សុវណ្ណារី ​​​កូន​ខ្មែរ​​នៅ​​​​អាមេរិក​​ដែល​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ ត្រូវ​តតាំង​​នឹង​ជើង​ខ្លាំង​មិន​ដែល​ចាញ់​​សញ្ជាតិ​ប្រេស៊ីល ​Rayane Bastos ​នៅ​ក្នុង​កម្មវិធី ​ONE: MARK OF GREATNESS ​នៅ​ថ្ងៃ​ទី​ ៦​ ខែ ​ធ្នូ​ ខាង​មុខ​​ចាប់​ពី​ម៉ោង ​៥ ​ល្ងាច​តទៅ​នៅ​ក្រុង​កូឡាឡាំពួរ​ពី​​ ប្រទេស​ម៉ាឡេស៊ី។ ​យ៉ាង​ក្ដី​ ទាំង​ សុវណ្ណារី ​និង​ Rayane សុទ្ធ​តែ​​មិន​ដែល​ចាញ់​ដូច​គ្នា​ក្នុង​អាជីព​គុន​ចម្រុះ​​គិត​ត្រឹម​ពេល​នេះ។ ​តើ​ អែម សុវណ្ណារី ​អាច​ទៅ​រួច​​ទេ​ពេល​ប៉ះ​កីឡាការិនី​ប្រទេស៊ីល​ Rayane Bastos ដែល​មាន​វ័យ​ត្រឹម​២០​ឆ្នាំ?

បទ​ពិសោធន៍​ប្រកួត៖

អែម សុវណ្ណារី​ ​ទើប​ប្រកួត​នៅ​សង្វៀន​ ONE Championship ​​បាន​ចំនួន​១​លើ​​កាល​ឈ្នះ ​កីឡាការិនី​អ៊ុយក្រែន​ Iryna Kyselova ​ត្រឹម​តែ​ ៨១វិនាទី​ប៉ុណ្ណោះ​កាល​ខែ​ ធ្នូ ឆ្នាំ ២០១៨។ ​មុន​ចូល​សង្វៀន​ ONE សុវណ្ណារី ​​បំបាក់​កីឡាការិនី​អាមេរិក​ពីរ​​រូប​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី១​យ៉ាង​លឿន​បំផុត។ ពោល​សុវណ្ណារី ផ្ដួល​ Evelyn Nieves ​ឲ្យ​ចុះ​ចាញ់​ត្រឹម​​រយៈ​ពេល​១​នាទី​និង​១៩​វិនាទី​ប៉ុណ្ណោះ​​​នៅ​ទឹក​ទី១ ហើយ ​ប្រើ​កណ្ដាប់​ដៃ​​វ៉ៃ​ Lanikqua Robins ​ឲ្យ​​សន្លប់​ត្រឹម​តែ​ ១៨ វិនាទី។ ​ដ្បិត​ប្រកួត​​តែ​​៣​លើក​ ប៉ុន្តែ​វា​ជា​កំណត់​ត្រា​ដ៏​អស្ចារ្យ​គ្មាន​គូ​ប្រៀប​របស់​កីឡាការិនី​ខ្មែរ​នៅ​អាមេរិក​​ដែល​កំពុង​ហ្វឹកហាត់​យ៉ាង​ល្អ​នៅ​ក្លិប​ប្រដាល់ ​Modern Martial Arts and Fitness

ងាក​មក​កាន់​ Rayane Bastos ​ក៏​មិន​ធម្មតា​ដែរ​ ​ព្រោះ​​ម្ចាស់​​ខ្សែ​ក្រវាត់​ BJJ State Champion​ ​៥​​សម័យ​កាល​នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន។ ​កីឡាការិនី​​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ទទួល​កេរ្តិ៍​​បោះ​សំឡេង​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ក្រុង​ Castanhal​ នៃ​រដ្ឋ​ Para។ ​គេ​ចាប់​ផ្ដើម​​ហាត់​ក្បាច់​​គុន​ដោយ​មាន​ការ​ណែនាំ​ពី​ឳ​​ពុក​របស់​ខ្លួន​ ដែល​ជា​​គ្រូ​បង្វឹក​ខាង​ក្បាច់​ការ៉ាតេ។ Bastos​ ធ្លាប់​ឈ្នះ​ជើង​ឯក​​ការ៉ាតេ​ក្នុង​តំបន់​ និង​ ​​ជើង​ឯក​ State BJJ Championships ​រហូត​ដល់​៥​​ដង។ ​មិន​ត្រឹម​​ហាត់​ការ៉ាតេ Bastos​ ​បាន​ហាត់​ក្បាច់​មួយ​ថៃ ​ជឺជិតស៊ូ ​និង​ ​គុន​ចម្រុះ​ទៀត​ផង។  Bastos ប្រកួត​មិន​ដែល​ចាញ់​សោះ​​​ដោយ​​​ឈ្នះ ៣ ដង​និង​ស្មើ​១​​ដង ​មុន​ពេល​​​ចុះ​ហត្ថលេខា​​ប្រកួត​នៅ​សង្វៀន ​ONE Championship។ Bastos ឈ្នះ​​ដោយ​ពិន្ទុ​២​លើក​និង​បញ្ចប់​គូ​ប្រកួត​១​លើក​មុន​ពេល​ស្មើ​​កីឡាការិនី​ ​Evelin Gomes នៅ​ឯ​ស្រុក​កំណើត។ ​កីឡាការិនី​វ័យ​២០​ឆ្នាំ​រូប​​នេះ​​មាន​កណ្ដាប់​ដៃ​ធ្ងន់ និង​អាច​បញ្ចប់​​គូ​ប្រកួត​គ្រប់​ពេល​វេលា​ហើយ​ក៏​បន្ត​ក្ដី​ស្រមៃ​របស់​ខ្លួន​ទៅ​ប្រកួត​ខ្សែ​ក្រវាត់​​នា​ពេល​ខាង​មុខ​ទៀត​ផង។

https://www.facebook.com/ONEChampionship/videos/1923593571029626/

សម្រង់​សម្ដី៖

​​កីឡាការិនី​ អែម សុវណ្ណារី ​បាន​ទទួល​ស្គាល់​អំពី​ចំណុច​ល្អ​ ​របស់​RAYANE ​ ​ថា៖«​វា​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ ​គូ​ប្រកួត​របស់​ខ្ញុំ​​នៅ​ក្មេង​​ មាន​កម្លាំង​ខ្លាំង​ ​មាន​​ជំនាញ​ខាង​ប្រយុទ្ធ​​ និង​ ចូល​​​ចាប់​ ជា​​ពិសេស​ក្បាច់​ ជឺជិតស៊ូ និង​ មួយ​ថៃ​របស់​គេ​ក៏​​ល្អ​ដែរ។ ​លើស​ពី​នេះ ​RAYANE ​​ក៏​​ពូកែ​ខាង​ចំបាប់​ហើយ​ខ្ញុំ​ត្រូវ​​​​តែ​ការពារ​កុំ​​ឲ្យ​គេ​ចូល​ចាប់​ងាយៗ​​។ បើ​មិន​ដូច្នោះ​ វា​អាច​នឹង​យ៉ាប់។ ​ហើយ​គេ​ក៏​មាន​ក្បាច់​ប្រយុទ្ធ​វាយ​បក​លឿន​​ៗ​ផង​ដែរ។ បើ​ហ៊ាន​ប្រហែស​​ខ្ញុំ​​ច្បាស់​ជា​​ត្រូវ​គេ​​បញ្ចប់​ការ​ប្រកួត​មិន​ខាន»។

ក្រោយ​ខកខាន​ឡើង​សង្វៀន​​រយៈ​ពេល​១​ឆ្នាំ ​កីឡាការិនី​វ័យ ​២៧ ឆ្នាំ​​សង្កត់​ធ្ងន់​ថា៖«​ការ​ប្រកួត​​ច្បាស់​ជា​​ល្អ​មើល​ ​ហើយ​ជក់​ចិត្ត​ ​​​ព្រោះ​មាន​ស្ទិល​​និង​ក្បាច់​ខុស​គ្នា​ច្រើន។ ​ហើយ​យើង​ទាំង​ពីរ​សុទ្ធ​តែ​​​មិន​ចង់​ខូច​កំណត់​ត្រា​ឡើយ»។ ​សុវណ្ណារី ​មិន​ត្រឹម​ផ្ដោត​លើ​ការ​ប្រកួត​​​ទម្ងន់​ flyweight ​​​នេះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចង់​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ទៅ​ថ្ងៃ​អនាគត​ទៀត​ផង។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT