Javier Mascherano ៖ ​វា​ដល់​ពេល​ខ្ញុំ​ចូល​និវត្ត​ពី​ក្រុម​អាហ្សង់ទីន​ហើយ​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ធ្លាក់​ចេញ​ពី World Cup 2018 ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ក្រោយ​ពី​ចាញ់​ក្រុម​បារាំង ៤-៣។

បរាជ័យ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​កីឡាករ​ក្នុង​ក្រុម​ទាំង​មូល​ហាក់​ដូចជា​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ​តួយ៉ាង​ដូចជា​ខ្សែ​ការពារ Javier Mascherano ​បាន​ប្រកាស​ថា​វា​ដល់​ពេល​ដែល​ខ្លួន​ត្រូវ​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ហើយ។ “​សម្រាប់​ខ្ញុំ​ផ្ទាល់ ​លេង​ឱ្យ​ជម្រើស​ជាតិ​គឺ​ដល់​ពេល​បញ្ចប់​ហើយ។ ពី​ថ្ងៃ​នេះ​ទៅ ​ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​ក្រុម​អាហ្សង់ទីន។ វា​ជា​ពេល​និយាយ​ពាក្យ​លា​សម្រាប់​ជម្រើស​ជាតិ។ ខ្ញុំ​សង្ឃឹម​ថា​ទៅ​ថ្ងៃ​មុខ ​កីឡាករ​ក្មេង​ៗ​របស់​យើង​នឹង​ធ្វើ​កាន់តែ​ល្អ”។

Mascherano ​វ័យ​៣៤​ឆ្នាំ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​១៤៥​ប្រកួត​មក​ហើយ។ ​នេះ​បាន​បង្កើត​ជា​កំណត់ត្រា​មួយ​ដែល​រូបគេ ​ជា​កីឡាករ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បាន​ច្រើន​ជាង​គេ។ ​មិន​ត្រឹម​ប៉ុណ្ណឹង​ទេ ​ការ​ប្រកាស​ចាកចេញ​ពី​ជម្រើស​ជាតិ​នេះ ក៏​អាច​ប៉ះ​ពាល់​ដល់​ Lionel Messi ​ផង​ដែរ ត្បិត​អី​កីឡាករ​២​នាក់​នេះ ​ធ្លាប់​ប្រកាស​ចេញ​ពី​ជម្រើស​ជាតិ​ដូច​គ្នា​នៅ​ឆ្នាំ ២០១៦ ​ហើយ​ក៏​ចូល​វិញ​ព្រម​គ្នា​ផង​ដែរ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT