ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ដែលបានរង់ចាំដ៏យូរ បានសម្រេចក្តីសុបិនរបស់ខ្លួន ដោយទទួលកៅអីវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ AFC U19 Championship ឆ្នាំ២០២០ នៅប្រទេសអ៊ូសបេគីស្ថាន។ លទ្ធផលនេះ កើតឡើងដោយ ប៉ាឡេស្ទីន និងគូវែត បញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ នៅក្នុងពូល A។
លទ្ធផលនេះ កើតឡើងបន្ទាប់ពីការប្រកួតពូល A នៅប្រទេសអូម៉ង់ ដោយរកមិនឃើញក្រុមលេខពីរដែលមានពិន្ទុល្អជាងកម្ពុជានោះឡើយ ពោលគឺបន្ទាប់គូវ៉ែត និងប៉ាឡេស្ទីន បានបញ្ចប់ក្នុលទ្ធផលស្មើ ៣-៣។ U19 កម្ពុជា ស្ថិតក្នុងចំណោមក្រុមលេខពីរដែលមានពិន្ទុល្អជាងគេ ពីការប្រកួតវគ្គជម្រុះក្នុងពូល G នៅរាជធានីភ្នំពេញ កាលពីដើមខែវិច្ឆិកា កន្លងមក។
ក្នុងការប្រកួតទាំងមូល កម្ពុជាបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ រីឯម៉ាឡេស៊ី ឡើងទៅវគ្គបន្តក្នុងនាមជាក្រុមលេខមួយ។ កម្ពុជាបានចាញ់ម៉ាឡេស៊ី ៥-៤ ឈ្នះកោះម៉ារីយ៉ាណាខាងជើង ៩-០ ឈ្នះថៃ ២-១ និងឈ្នះ ព្រុយណេ ៣-០។ ដោយសារពូលផ្សេងទៀតមាន៤ក្រុម ដូច្នេះលទ្ធផលជាមួយកោះម៉ារីយ៉ាណាខាងជើង មិនត្រូវបានបូកបញ្ចូលក្នុងការប្រៀបធៀបគ្នាសម្រាប់ចំណាត់លេខ២ល្អ។ ស៊ីសងលទ្ធផល ជាមួយម៉ាឡេស៊ី ថៃ និងព្រុយណេ កម្ពុជាមាន៦ពិន្ទុ (+៣)។
លទ្ធផលដែលបានកើតឡើងក្នុងពូល A មានន័យថា ក្រុមលេខ២ពូលនេះ មិនមានពិន្ទុលើសកម្ពុជាឡើយសម្រាប់តំណែងក្រុមលេខ២ដែលល្អជាងគេ។
ក្រុមដែលកក់កៅអីទៅអ៊ូសបេគីស្ថានរួមមាន ម្ចាស់ផ្ទះអ៊ូបេគីស្ថាន កាតា តាហ្ស៊ីគីស្ថាន អ៊ីរ៉ង់ បារ៉ែន អារ៉ាប៊ីសាអូឌីត ម៉ាឡេស៊ី អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌូណេស៊ី ឡាវ វៀតណាម យ៉េមែន និងកម្ពុជា៕