កីឡាការិនីកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ត្រៀមខ្លួនបានយ៉ាងល្អដើម្បីជួប កីឡាការិនីមិនដែលចាញ់មកពីប្រេស៊ីលនៅក្នុងកម្មវិធី ONE: MARK OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខនៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កីឡាការិនីប្រេស៊ីល RAYANE MARQUES មានមានកំណត់ត្រាប្រកួតលើសង្វៀនចម្រុះចំនួន ៤ លើកក្នុងនោះមិនដែលចាញ់ទាល់តែសោះ (ឈ្នះ៣លើក និង ស្មើ១លើក)។ រឿងអស្ចារ្យទៀត គឺ RAYANE MARQUES ជាម្ចាស់ខ្សែក្រវាត់ BJJ State Champion ៥សម័យកាល។ យ៉ាងណាក្ដីនេះជាការបង្ហាញខ្លួនលើកដំបូងរបស់ RAYANE MARQUES ស្របពេលដែល សុវណ្ណារី នឹងបង្ហាញខ្លួនលើកទី២តំណាងឲ្យកម្ពុជានៅសង្វៀន ONE។
ANE MARQUES
អែម សុវណ្ណារី បានថ្លែងថា៖« វាយូរដែរហើយតាំងពីប្រកួតដំបូងនៅ ONE កាលថ្ងៃទី ៧ ខែ ធ្នូ ២០១៨។ បើគិតដល់ការប្រកួតទី ៦ ធ្នូ គឺ ១ ឆ្នាំល្មម។ តែខ្ញុំបានប្រើពេលវានេះដើម្បីសំលៀងការហ្វឹកហាត់ និង ត្រៀមសម្រាប់ការប្រកួតរបស់ខ្ញុំនៅដើមខែក្រោយ។ ខ្ញុំបានហ្វឹកហាត់ពេញម៉ោង ហើយខ្ញុំមានអារម្មណ៍ថាការប្រកួតរបស់ខ្ញុំនឹងប្លែកពីឆ្នាំមុន ហើយ ខ្ញុំក៏ជាកីឡាការិនីដ៏ប្លែកម្នាក់ដែរ»។
កីឡាការិនីវ័យ២៧ឆ្នាំទំនងមានឈ្មោះឡើងប្រកួតម្ដងនៅដើមខែតុលា ប៉ុន្តែបែរខកខានទៅវិញ។ បែបណាក្ដី សុវណ្ណារី បានហ្វឹកហាត់បច្ចេកទេសខ្លាំងក្លានៅក្លិប Modern Martial Arts and Fitness ស្ថិតនៅក្រុង Pasadena រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំនេះត្រូវបានដាក់ក្ដីរំពឹងថានឹងទទួលជ័យជម្នះលើកទី២ នៅសង្វៀនលំដាប់ពិភពលោក ONE។ កូនខ្មែរនៅអាមេរិកសម្បុរស្រអែម សង្កត់ធ្ងន់ថា៖«លើកមុនមានឈ្មោះម្ដងក៏ខ្ញុំបានត្រៀមច្រើនដូចគ្នា។ ឥឡូវនេះត្រៀមរឹតតែច្រើនជាងមុនព្រោះពេលវាត្រូវពន្យារ។ ខ្ញុំផ្ដោតលើការផ្ដួលគូប្រកួត ១០០% ខ្ញុំមិនគិតអ្វីផ្សេងក្រៅពីចង់ឈ្នះនោះឡើយ»។
អែម សុវណ្ណារី មានកំណត់ត្រា ៣ លើកក្នុងការប្រកួតក្បាច់គុនចម្រុះហើយឈ្នះទាំង៣លើក។ សុវណ្ណារី ឈ្នះកីឡាការិនីអាមេរិកពីររូប Lanikqua Robins នាទឹកទី១ កាលខែធ្នូឆ្នាំ ២០១៦ និង ឈ្នះ Evelyn Nieves នៅទឹកទី១ កាលខែ កុម្ភៈ ឆ្នាំ ២០១៧ ក្នុងការប្រកួតដាក់ទ្រុងនៅអាមេរិក។ បន្ទាប់មក សុវណ្ណារី ឈ្នះកីឡាការិនិអ៊ុយក្រែន Iryna Kyselova នៅសង្វៀន ONE Championship កាលថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ ម៉ាឡេស៊ី ដែលជាការប្រកួតចុងក្រោយ។