កីឡាករ Roma ​បែក​ក្បាល ​ក្រោយ​ត្រូវ​អ្នក​គាំទ្រ​គប់​ពេល​ប្រកួត​យប់មិញ​

កីឡាករ  Lorenzo Pellegrini ​របស់​ក្រុម Roma ​បែក​ក្បាល ក្រោយ​ពី​ត្រូវ​អ្នក​គាំទ្រ​ក្រុម  Istanbul Basaksehir ​គប់​កាក​មក​លើ​រូបគេ អំឡុង​ពេល​ឈរ​ត្រៀម​លើក​បាល់​ជ្រុង​កាល​ពី​យប់មិញ។

ក្រុម Roma ​បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ  Istanbul Basaksehir ​ក្នុង​លទ្ធផល ៣-០ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​។ ​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​មាន​បញ្ហា​មួយ​បាន​កើត​ឡើង ​ដោយ​កីឡាករ Lorenzo ​រង​របួស​បែក​ក្បាល​ចេញ​ឈាម ​ក្រោយ​ពី​រូបគេ​ឈរ​ត្រៀម​លើក​បាល់​ជ្រុង។ របួស​នេះ កើត​ចេញ​ពី​អ្នក​គាំទ្រ​របស់​ក្រុម​ម្ចាស់​ផ្ទះ​ខឹង​ខ្លាំង រហូត​គប់​កាក​និង​របស់​រឹង​ជា​ច្រើន​មក​លើ​កីឡាករ​ក្រុម Roma ​ម្នាក់​នេះ។

ដោយសារ​តែ​របួស​ឈាម​ហូរ​ច្រើន ​តម្រូវ​ឱ្យ​អាជ្ញាកណ្ដាល​ហៅ​គ្រូ​ពេទ្យ​មក​ពិនិត្យ ​និង​ក្រុម​សន្ដិសុខ ​ចូល​មក​ជួយ​អន្តរាគម​អ្នក​គាំទ្រ​ផង​ដែរ។ ​រំលឹក​ថា​បាល់ទាត់​នៅ​ទួរគី ​មាន​ការ​រើសអើង​ច្រើន ​ជា​ពិសេស​បញ្ហា​អ្នក​គាំទ្រ​ដ៏​ងប់ងុល​របស់​ពួកគេ​តែ​ម្ដង ដោយ​តែងតែ​បង្ក​ជា​បញ្ហា​ជា​និច្ច៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT