ក្រោយខកខានទទួលបាន៣ពិន្ទុក្នុងជំនួបបើកឆាក បន្ទាប់ពីហ្វីលីពីនវាយបកតាមស្មើ ១-១ នៅចុងម៉ោង ក្រុម U22 កម្ពុជាក្រោមការដឹកនាំរបស់លោក Felix Dalmas រំពឹងយកឈ្នះទីម័រខាងកើតនៅយប់ថ្ងៃពុធនេះ ដើម្បីប្រជែងកៅអីឡើងទៅវគ្គបន្តសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial Stadium វេលាម៉ោង៧យប់ នឹងក្លាយជាការប្រកួតដ៏តានតឹង ដ្បិតទីម័រខាងកើតត្រូវការឈ្នះក្នុងជំនួបបើកឆាករបស់ខ្លួន។
បើគិតតាំងពីឆ្នាំ១៩៩៩ ក្រុមទាំងពីរធ្លាប់ជួបគ្នា៣លើកក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ខណៈកម្ពុជាយកឈ្នះទីម័រខាងកើតតែមួយលើកប៉ុណ្ណោះ។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០០៩ នៅប្រទេសឡាវ កម្ពុជាយកឈ្នះទីម័រខាងកើតក្នុងលទ្ធផល ៤-១។ ប៉ុន្តែពួកគេបានរងបរាជ័យក្រោមថ្វីជើងទីម័រខាងកើតពីរប្រកួតជាប់គ្នាវិញ គឺចាញ់ ៣-២ នៅស៊ីហ្គេមឆ្នាំ២០១៣នៅមីយ៉ាន់ម៉ា និងចាញ់ ១-០ នៅស៊ីហ្គេមឆ្នាំ២០១៧ នៅម៉ាឡេស៊ី។
បើយើងមើលពីប្រវត្តិខាងលើ កម្ពុជាអាចជួបការលំបាកក្នុងការឈ្នះបន្តិច ដ្បិតទីម័រខាងកើត ដែលមានកាយសម្បទា និងកម្ពស់ខ្ពស់មានការរីកចម្រើនគួរឲ្យកត់សម្គាល់មួយរយៈចុងក្រោយនេះ។ ទោះបីទីម័រខាងកើត ជួបបញ្ហាពេលទៅដល់ហ្វីលីពីនថ្ងៃដំបូងដូចកម្ពុជាក៏ដោយ តែពួកគេអាចត្រៀមខ្លួនបានល្អជាង ព្រោះពួកគេមានពេលសម្រាកបានច្រើនជាងកម្ពុជា។ ជាជំនួបបើកឆាកសម្រាប់ទីម័រខាងកើត តែវាជាការប្រកួតលើកទី២សម្រាប់កម្ពុជា។
មុនការប្រកួតរវាងក្រុមទាំងពីរឈានមកដល់ ក្រុមយ៉ាន់ម៉ា ដែលស្មើ ១-១ ជាមួយម៉ាឡេស៊ីក្នុងជំនួបបើកឆាក ត្រូវតទល់ជាមួយម្ចាស់ផ្ទះហ្វីលីពីននៅម៉ោង៣រសៀល នាកីឡដ្ឋាន Rizal Memorial Stadium។ សម្រាប់ការប្រកួតបើកឆាកពូល B វៀតណាមលត់ព្រុយណេ ៦-០, ឥណ្ឌូណេស៊ីយកឈ្នះថៃ ២-០ មុនឡាវបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីជាមួយសិង្ហបុរី៕