ក្លឹប​ឈ្នះ​ជើង​ឯក​ហ្វីលីពីន​លីគ ចេញ​មុខ​ជួយ​ជាតិ​ផ្ដល់​រថយន្ត​ក្រុង ១៧ ទុក​ដឹក​កីឡាករ

ក្រោយ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ាន​ជា​ច្រើន​បាន​ប្រតិកម្ម​ទៅ​លើ​ការ​រៀបចំ​ទទួល​ពី​សំណាក់​ម្ចាស់​ផ្ទះ​ហ្វីលីពីន ពេល​នេះ​ដំណោះស្រាយ​ផ្នែក​រថយន្ត​ក្រុង​សម្រាប់​ដឹក​កីឡាករ​ត្រូវ​បាន​ចាត់ការ​សម្របសម្រួល​រួចរាល់​ហើយ។

ក្លឹប​ឈ្នះ​ជើង​ឯក​លីគ ៣ រដូវ​កាល​ជាប់​គ្នា​របស់​ហ្វីលីពីន​គឺ​ Ceres Negros ដែល​មាន​លោក Leo Rey Yanson ជា​ប្រធាន​ក្លឹប បាន​ចេញ​មុខ​ផ្តល់​រថយន្ត​ក្រុង​ទាំង ១៧ ឲ្យ​ប្រើប្រាស់​សម្រាប់​ដឹក​កីឡាករ​មក​ពី​គ្រប់​តំបន់​ទាំង​អស់ ដើម្បី​ញាំង​ឲ្យ​ដំណើរការ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​មាន​ភាព​រលូន។

នេះ​ឆ្លើយតប​ទៅ​នឹង​ការ​រិះគន់​របស់​ក្រុម​បាល់ទាត់​មីយ៉ាន់ម៉ា​វ័យ​ក្រោម ២២ ឆ្នាំ​ដែល​កន្លង​ទៅ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ដឹក​កីឡាករ ខណៈ​ក្រុម​ទីម័រ​ត្រូវ​បាន​រថយន្ត​ដឹក​ទៅ​ដាក់​សណ្ឋាគារ​ខុស​ទីតាំង​ថែម​ទៀត។

គួរ​រំឭក​ថា​ការ​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ទឹកដី​ហ្វីលីពីន​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ខណៈ​កាល​ពី​ម្សិលមិញ​ជំនួប​ដំបូង​របស់​ក្រុម​កម្ពុជា​បាន​ត្រឹម​ស្មើ​ជាមួយ​នឹង​ម្ចាស់​ផ្ទះ៕ ប្រភព៖ FoxSportAsia​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT