ថ្លៃ​ឈ្នួល​មួយ​ក្រុម Sheffield ​មិន​ស្មើ​ប្រាក់​ប្រចាំ​ឆ្នាំ​របស់ Alexis Sanchez ម្នាក់​ផង

Manchester United ប៊ិះ​តែ​នឹង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Sheffield United កាល​ពី​យប់​មិញ ប៉ុន្តែ​ត្បិត​ត្រឹម​ទទួល​លទ្ធផល​ស្មើ​ក៏​ក្រុម​នៅ​តែ​ទទួល​ការ​រិះគន់​ដដែល​ ព្រោះ​លេង​ជាមួយ​ក្រុម​កម្រិត​មធ្យម​គួរ​ណា​តែ​អាច​យក​បាន ៣ ពិន្ទុ។ 

ភាព​មិន​ស៊ី​ចង្វាក់​នៃ​ប្រព័ន្ធ​លេង​របស់ United ត្រូវ​បាន​គេ​លើក​ប្រៀបធៀប​នូវ​ទំហំ​ប្រាក់​ពលកម្ម​ដែល Sheffield ទទួល​បាន​ក្នុង​មួយ​ឆ្នាំៗ ធៀប​នឹង​កីឡាករ​ខ្ចី​ជើង Alexis Sanchez [បច្ចុប្បន្ន​ខ្ចី​ជើង​ឲ្យ Inter]។

យោង​តាម Spotrac បាន​ឲ្យ​ដឹង​ថា​ត្បិត​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ​ក្លឹប​អ៊ីតាលី តែ United នៅ​ចាយ​អស់ ១៦,៥ លាន​ផោន/ឆ្នាំ​លើ​ថ្លៃ​ពលកម្ម​របស់ Sanchez ​នេះ​បើ​ធៀប​នឹង​កីឡាករ​របស់​ Sheffield ទាំង​មូល​គឺ​មួយ​ឆ្នាំ​ចាយ​អស់​ត្រឹម ១៤ លាន​ផោន​ប៉ុណ្ណោះ។

រំឭក​ថា​បើ​និយាយ​ដល់​ទំហំ​ចាយវាយ​សរុប​លើ​ថ្លៃ​ពលកម្ម​នៃ​កូន​ក្រុម​របស់ Solskjaer គឺ​ខ្ពស់​ជាង​គេ​បង្អស់​នៅ Premier League ចាយ​ដល់​ទៅ ១៧១ លាន​ផោន​ឯ​ណោះ តែ​ការ​លេង​ទល់​ក្រុម​ Sheffield ខុស​គ្នា ១ ទ្វេ​ជា ១០ បែរ​ជា​មិន​អាច​យក​ជ័យជម្នះ​បាន។ បច្ចុប្បន្ន Sheffield ឈរ​លេខ ៦ ខណៈ United ឈរ​លេខ​៩៕ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT