Diego Forlán អតីតខ្សែប្រយុទ្ធរបស់អ៊ុយរុយហ្គាយ ដឹងច្បាស់ថា Cristiano Ronaldo គឺជាចំណេក៥០%នៃក្រុមព័រទុយហ្គាល់ ដូច្នេះប្រសិនបើបិទកីឡាកររូបនេះជាប់ នោះស្មើនឹងបិទព័រទុយហ្គាល់ជាប់ដែរហើយ។
អ៊ុយរុយហ្គាយ នឹងត្រូវតតាំងជាមួយក្រុមព័រទុយហ្គាល់ នៅវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី វេលាម៉ោង១រំលងអាធ្រាត្រនេះ។ អ៊ុយរុយហ្គាយ ជាក្រុមមួយដែលមិនទាន់របូត១គ្រាប់នោះទេ ឆ្លងកាត់៣ប្រកួតមកនេះ។ ស្របពេលដែលខាងព័រទុយហ្គាល់វិញ Ronaldo រកបាន៤គ្រាប់ឆ្លងកាត់៣ប្រកួត ដោយបើកឆាកដំបូងស៊ុត៣គ្រាប់ម្នាក់ឯងទល់ក្រុមអេស្ប៉ាញ។ ស្ថិតិក្រុមទាំងពីរនេះ អាចនិយាយបានថាល្អម្យ៉ាងម្នាក់ប៉ុណ្ណោះ។
ចំពោះ Diego Forlan ដែលជាអតីតកីឡាករជម្រើសជាតិអ៊ុយរុយហ្គាយ លេងបាន១១២ប្រកួត រកបាន៣៦គ្រាប់ដែរនោះ បាននិយាយមុនការប្រកួតខាងលើថា៖ “Ronaldo គឺជាអ្នកដឹកនាំ គ្រាប់បាល់របស់គាត់ គឺបានបង្ហាញច្បាស់ថាវាសំខាន់ប៉ុណ្ណាសម្រាប់ក្រុម។ គាត់ជាកីឡាករអស្ចារ្យម្នាក់ ប៉ុន្តែក្រុមអ៊ុយរុយហ្គាយក៏មានប្រព័ន្ធការពារល្អដែរ។ ខ្ញុំមានទំនុកចិត្តថាប្រព័ន្ធការពាររបស់អ៊ុយរុយហ្គាយ អាចទប់ស្កាត់ការស៊ុតរបស់ Ronaldo បាន។ បើបិទគាត់ជាប់ នោះយើងបិទបាន៥០%នៃក្រុមព័រទុយហ្គាល់ទាំងមូលហើយ”៕ប្រភព៖ BBC