Bale ​លេង​ល្អ​និង​ជួយ​ក្រុម​ឈ្នះ ប៉ុន្តែ​អ្នក​គាំទ្រ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ឡើយ​

ខ្សែ​ប្រយុទ្ធ Gareth Bale ​បាន​ចូល​លេង​ឱ្យ​ក្រុម Real Madrid ​វិញ​ហើយ​កាល​ពី​យប់មិញ ដោយ​ប្ដូរ​ចូល​នៅ​នាទី​៦៧ ជំនួស​Rodrygo ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Real Madrid ​ឈ្នះ Real Sociedad ​៣-១។ចូល​លេង​ប៉ុន្មាន​នាទី​នៅ​តង់​ទី​២​នេះ ​កីឡាករ​ជម្រើស​ជាតិ​វែល​ខាង​លើ​ក៏​នៅ​តែ​បង្ហាញ​សមត្ថភាព​ជួយ​ក្រុម​បាន​ច្រើន​ដែរ។ បើ​ទោះ​មិន​អាច​រក​គ្រាប់​បាល់​បាន​ក៏​ដោយ ​ក៏​រូបគេ​បាន​បំពេញ​ការងារ​នៅ​តំបន់​ស្លាប​យ៉ាង​ល្អ។ តែ​អ្វី​ដែល​គួរ​ឱ្យ​ស្ដាយ​នោះ ​អ្នក​គាំទ្រ Real Madrid ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បង្ហាញ​វត្តមាន​នេះ​ទេ។

ពួកគេ​បាន​លើក​បដា ​និង​នាំ​គ្នា​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​សម្រាប់​វត្តមាន​របស់ Bale ​។ ​ការ​មិន​ពេញ​ចិត្ត​នេះ​កើត​ឡើង ដោយសារ​តែ​រូបគេ​បាន​ឈរ​លើក​បដា​មួយ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វែល។ ​ដោយ​បដា​នោះ ​បាន​សរសេរ​ថា៖ វេល ​កូន​ហ្គោល ​និង Madrid ​នេះ​តាម​លេខ​រៀង។ ដោយ​នេះ​មាន​ន័យ​ថា ​Bale ត្រូវ​លេង​ឱ្យ​ជម្រើស​ជាតិ​វែល​ជា​មុន ​រួច​មក​លេង​កូន​ហ្គោល ​សំខាន់​ជាង​លេង​ឱ្យ​ក្រុម Real Madrid ​ទៅ​ទៀត៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT