ភ្នាក់ងាររបស់ខ្សែប្រយុទ្ធកំពូល Kylian Mbappe នោះគឺម្តាយរបស់យុវជននេះផ្ទាល់ បានបង្ហើបខ្សឹបប្រាប់ទៅកាន់ក្លឹប Real Madrid រួចរាល់ហើយ ថាកូនប្រុសរបស់ខ្លួននឹងមិនព្រមព្រៀងលើការចុះហត្ថលេខាបន្តកុងត្រាថ្មីជាមួយក្លឹបសេដ្ឋីបារាំង PSG នោះឡើយ។ នេះបើតាមអ្នកសារព័ត៌មាន Eduardo Inda បានចុះផ្សាយ។
Real Madrid កំពុងចាប់អារម្មណ៍លើយុវជនវ័យ ២០ ឆ្នាំរូបនេះជាខ្លាំង ដោយផ្អែកតាមទម្រង់លេងដ៏ប៉ិនប្រសព្វ Mbappe អាចនឹងឈរជើងរយៈពេលយូរ ប៉ុន្តែកុងត្រាសេសសល់ជាមួយ PSG នៅរយៈពេល ២ ឆ្នាំកន្លះទៀតឯណោះ។
ទំហំនៃគម្រោងចំណាយចុងក្រោយបង្អស់ដែល Real Madrid ត្រៀមទាក់យក Mbappe គឺប្រមាណ ៣៤៣ លានផោន នេះគួបផ្សំនឹងទំនាក់ទំនងជិតស្និទ្ធរវាងសាមីខ្លួនផ្ទាល់ជាមួយ Zidane ដែលរំពឹងអាចមានភាគរយជោគជ័យខ្ពស់ក្នុងការចរចា។
គួរបញ្ជាក់ថាចាប់តាំងដើរចេញពី Monaco នៅឆ្នាំ ២០១៧ Mbappe បង្ហាញខ្លួននៅក្លឹបថ្មីបាន ៩០ ប្រកួតសរុបដោយរកបាន ៦៩ គ្រាប់ហើយ៕ ប្រភព៖ Sportsmole