Maguire,Robertson,Haaland តម្លៃ​ចាស់​មិន​ដល់ ២៥ លាន តែ​ក្លឹប​អង់គ្លេស​មួយ​មិន​ព្រម​ទិញ

ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​មួយ​សម្រាប់​ក្លឹប​ស្ករ​គ្រាប់ Everton ដែល​ធ្លាប់​មាន​ឱកាស​ចុះ​ហត្ថលេខា​នាំ​យក Harry Maguire, Andy Robertson និង Erling Haaland ​ដោយ​ប្រើប្រាស់​ថវិកា​សរុប​មិន​ដល់ ២៥ លាន​អឺរ៉ូ​ឡើយ ប៉ុន្តែ​ដោយ​មិន​អាច​មើល​ឃើញ​ពី​អនាគតកាល ក្លឹប​ក៏​បាន​បដិសេធ​មិន​ចុះ​ហត្ថលេខា​យក​អ្នក​ទាំង​បី​រូប​នេះ។

រឿង​នេះ​បាន​បែកខ្ញែក​ដោយ​អតីត​ប្រធាន​ជាន់​ខ្ពស់​នៅ​ក្លឹប​គឺ​លោក Steve Walsh ដែល​ធ្លាប់​ប្រើប្រាស់​ពេលវេលា​ជាង ២ ឆ្នាំ​នៅ Goodison Park។ នៅ​កិច្ចសម្ភាសន៍​ជាមួយ Athlic លោក​ប្រាប់​ថា​ពេល Maguire និង Roberton នៅ Hull City គឺ​លោក​ចរចា​ត្រូវរ៉ូវ​យក​ក្នុង​តម្លៃ ២០ លាន​ផោន តែ​ក្លឹប​បដិសេធ​មិន​ព្រម។

លុះ​ដល់​ Haaland អំឡុង​ពេល​ស្ថិត​នៅ​វ័យ ១៧ ឆ្នាំ លោក​ក៏​បាន​ចរចា​រួច​ហើយ​ដែរ​ដោយ​ប្រើប្រាស់​ថវិកា​ត្រឹម ៤ លាន​ផោន ប៉ុន្តែ Everton បន្ត​មិន​ព្រម​ថែម​ទៀត។

បញ្ជាក់​ថា​បើ​គិត​ហាងឆេង​ថ្លៃ​ខ្លួន​សព្វថ្ងៃ​បូក​អ្នក​ទាំង​បី​បញ្ចូល​គ្នា​គឺ​ទំនង​ឡើង ១ ទ្វេ​ជា ១០ ពោល​តម្លៃ​រួម​មិន​ក្រោម ២០០ លាន​ផោន​ឡើយ ស្រប​ពេល​ដែល Maguire ជា​ខ្សែ​ការពារ​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត រី​ឯ Haaland ឡើង​ជើង​នៅ Salzburg មិន​ខុស​ពី Robertson កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប​លេចធ្លោ​នៅ​តំបន់​អឺរ៉ុប៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT