ក្រុមវៀតណាម នឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវថៃ នៅម៉ោង៨យប់នេះ វគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ក្នុងពូល G ។
ការប្រកួតនេះដែរ នឹងស្វិតស្វាញខ្លាំង ព្រោះក្រុមទាំងពីរនេះកំពុងឈរនៅលេខ១និងលេខ២ក្នុងពូល។ ប្រសិនបើថៃឈ្នះវៀតណាម នោះពួកគេនឹងមានឱកាសឡើងទៅឈរនៅលេខ១កំពូលតារាងវិញ។ ដោយឡែកបើវៀតណាមឈ្នះវិញ នោះពួកគេនឹងដាច់ពិន្ទុកាន់តែច្រើនពីក្រុមលេខ២ក្នុងពូលហើយ។ ក្រុមទាំងពីរនេះ ប៉ះគ្នាម្ដងរួចហើយកាលពីបើកឆាកនៅទឹកដីថៃ ក្រោយគ្រានោះពួកគេបញ្ចប់ទៅលទ្ធផលស្មើគ្នា ០-០ ប៉ុណ្ណោះ។
លោក Nishino គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បានបង្ហាញក្ដីបារម្ភមុនប្រកួតថា អាចនឹងមានអ្នកមកលួចថតការហ្វឹកហាត់និងបច្ចេកទេសលេងរបស់ក្រុមថៃ។ ដូច្នេះហើយ ការហាត់នៅទឹកដីវៀតណាមនេះ លោកបានជួលតារាងផ្សេង មិនហាត់នៅតារាងដែលផ្ដល់ឱ្យដោយភាគីវៀតណាមឡើយ។ ការធ្វើបែបនេះ គឺដោយសារតែគ្រូបង្វឹកជប៉ុននេះ មិនចង់ឱ្យបែកធ្លាយក្បួនលេងរបស់ខ្លួន មុនការប្រកួតឡើយ។
ជាក់ស្ដែងការលេងទល់ក្រុមម៉ាឡេស៊ីកន្លងទៅ បើទោះជាភាគីថៃបានសុំកុំឱ្យមានការលួចថតវីដេអូហ្វឹកហាត់យ៉ាងណាក្ដី ក៏នៅតែមានអ្នកមកលួចថត និងបង្ហោះតាមទូរទស្សន៍ថែមទៀតផង៕ប្រភព៖ Bangkokpost