ក្រុមជម្រើសជាតិហុល្លង់បានឡើងទៅជុំផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 ដោយស្វ័យប្រវត្តិហើយ បើទោះជាសល់១ប្រកួតក្នុងដៃទៀតក៏ដោយ។
នេះជាវត្តមានជាថ្មីម្ដងទៀតសម្រាប់ក្រុមហុល្លង់ដែលខកខានលេងពានអន្តរជាតិ Euro 2016 និង World Cup 2018 មក។ ជាមួយការបង្ហាញមុខជាថ្មីនេះដែរ ខ្សែការពារ Van Dijk បាននិយាយដូច្នេះថានេះជាពេលដែលក្រុមហុល្លង់ត្រូវត្រលប់ទៅកន្លែងដែលពួកគេគួរឈរជើងវិញហើយ។ ហុល្លង់ជាក្រុមខ្លាំងមួយ ដែលសក្ដិសមបំផុតក្នុងការចូលទៅប្រជែងពានរង្វាន់អន្តរជាតិជាមួយក្រុមដទៃទៀត។
រំលឹកថាក្រុមហុល្លង់បានឡើងទៅជុំបន្ដ ក្រោយពីពួកគេលេងស្មើក្រុមអៀរឡង់ខាងជើងកាលពីចុងសប្ដាហ៍ក្នុងលទ្ធផល ០-០។ ហើយការប្រកួតទល់ក្រុមអេស្តូនីនៅយប់ស្អែកនេះ គ្រាន់តែប្រកួតបង្គ្រប់កិច្ចដើម្បីបញ្ចប់ពូលប៉ុណ្ណោះ។ ដោយសារតែប្រកួតមិនសំខាន់នេះហើយ ទើបបានជា Van Dijk បានប្រកាសថាខ្លួនមិនបន្ដលេងឱ្យហុល្លង់សម្រាប់ប្រកួតចុងក្រោយនេះនោះទេ ព្រោះមានបញ្ហាផ្ទាល់ខ្លួនត្រូវដោះស្រាយ៕ប្រភព៖ Channelnewsasia