លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាគ្រូឧទ្ទេសប្រចាំវគ្គសិក្សាបញ្ជាក់ថា វគ្គវណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញ
កីឡាកាយសម្ព័ន្ធកម្រិត១ ដែលបានប្រារព្ធធ្វើឡើងនៅសាលាឋមសិក្សា សាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រយៈពេល១សប្តាហ៍ ត្រូវបានបញ្ចប់ដោយលទ្ធផលល្អប្រសើរ។
លោកបន្ថែមថា «វគ្គនេះគឺផ្តោតសំខាន់លើការពង្រឹងគុណភាព សមត្ថភាពជំនាញឲ្យពួកគាត់មានភាពជឿជាក់លើខ្លួនឯង ហើយក្នុងនោះក៏បានធ្វើឲ្យពួកគាត់កាន់តែយល់ច្បាស់អំពីការរៀបចំរាងកាយឲ្យបានត្រឹមត្រូវជាដើម។ វគ្គសិក្សាច្ចេកទេសគ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិត១ ដែលបានដំណើរការពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា បន្ទាប់ពីបានប្រឡងអនុវត្តផ្ទាល់ និងទ្រឹស្តី។ ជាលទ្ធផលដែលទទួលបានរួមមាន៖ សិក្ខាកាម៥នាក់ទទួលបាននិទ្ទេសល្អ ១០នាក់ ល្អបង្គួរ និងមធ្យម៥នាក់ ក្នុងចំណោមសិក្ខាកាមចូលរួមចំនួន២០នាក់ ក្នុងនោះមាននារី៥នាក់»។
លោក ណយ ផាណា បានរំលេចនូវភាពសំខាន់នៃគោលការណ៍ចម្បងៗក្នុងវិស័យកីឡាកាយសម្ព័ន្ធ ដើម្បីពង្រីកចំណេះដឹងជូនដល់គ្រូបង្វឹកនានា ប្រយោជន៍យកជំនាញបច្ចេកទេសទាំងអស់ទៅចែករំលែកបន្តជូនដល់កីឡាករ កីឡាការិនីរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។ អ្នកជំនាញកីឡាកាយសម្ព័ន្ធរូបនេះ ក៏បានលើកឡើងនូវយុទ្ធសាស្រ្តរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលតែងតែដាក់ចេញនូវគោលដៅពង្រីកនូវចំណេះដឹងជំនាញនេះជូនដល់គ្រូបង្វឹកនៅតាមបណ្តាក្លឹបនានា ដើម្បីសម្រួចឆន្ទៈនៃការអភិវឌ្ឍឆ្ពោះទៅទទួលរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណចក្រកម្ពុជាផងដែរ។
ដោយរំឭកឡើងវិញនូវគោលដៅដ៏ធំចម្បងរបស់សហព័ន្ធជំនាញកីឡាមួយនេះ នៅថ្ងៃបើកវគ្គ កាលពីសប្តាហ៍មុន ត្រូវបានលោកអគ្គលេខាធិការអះអាងថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ប្រភេទកីឡាកាយសម្ព័ន្ធធ្វើយ៉ាងណាបណ្តុះគ្រូបង្វឹកថ្នាក់ជាតិ សម្រាប់ការបង្វឹកនៅរាជធានីភ្នំពេញឲ្យបាន៨នាក់ និងគ្រូបង្វឹកថ្នាក់ក្រោមជាតិឲ្យបានចំនួនពី២០ ទៅ២៥នាក់ ខណៈគ្រូកម្រិតអន្តរជាតិត្រូវមាន៦នាក់ សម្រាប់កម្រិត១ កម្រិត២ និងកម្រិត៣ និងចៅក្រមអន្តរជាតិដាច់ខាតត្រូវមានពី៤ ទៅ ៨នាក់៕