លោក Marcello Lippi បានប្រកាសលាលែងតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិចិនហើយ ក្រោយពីដឹកនាំក្រុមចាញ់ក្រុមសិរី ២-១ កាលពីយប់មិញនេះក្នុងវគ្គជម្រុះ World Cup 2022 ។
ការប្រកួតរវាងក្រុមសិរីនិងចិននេះ លេងនៅទឹកដីកណ្ដាល ឌូប៉ៃ។ ក្រុមសិរីដែលកំពុងឡើងជើងខ្លាំង រកគ្រាប់បាល់បានមុខនៅនាទី១៩ ដោយ Osama Omari មុនពេល Wu Lei រកបានតាមស្មើវិញនៅនាទី២៩។ ចូលដល់នាទី៧៦ ទៅហើយ កីឡាករ Zhang Linpeng ក៏ធ្វើឱ្យចូលទីខ្លួនឯង១គ្រាប់ទៀត ធ្វើឱ្យក្រុមសិរីឈ្នះចិន ក្នុងលទ្ធផល ២-១ ។ ក្រោយចប់ការប្រកួតភ្លាម លោក Lippi ក៏បានប្រកាសពីការចាកចេញពីតំណែងភ្លាម ដោយសារតែមូលហេតុដឹកនាំក្រុមមិនបានល្អ សុខចិត្តដើរចេញដោយខ្លួនឯង។
ជាមួយលទ្ធផលនេះ ធ្វើឱ្យក្រុមសិរី ឈ្នះ៤ប្រកួតជាប់គ្នាតែម្ដង ឆ្លងកាត់៤ប្រកួតមកនេះ ឈរនៅកំពូលតារាងពូល A មាន១២ពិន្ទុពេញ។ ដោយឡែកចិននៅលេខ២ មាន៧ពិន្ទុ ដោយឈ្នះ២ ស្មើ១និងចាញ់១៕ប្រភព៖ Foxsportsasia