គ្រូ​ថៃ ​ចង់​បាន​៣​ពិន្ទុ​ដាច់​ខាត​ពី​ក្រុម​ម៉ាឡេស៊ី ​យប់​នេះ​

លោក ​Akira Nishino ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ថៃ ​បាន​បញ្ជាក់​ថា​ត្រូវ​តែ​យក​៣​ពិន្ទុ​ពី​ក្រុម​ម៉ាឡេស៊ី​ឱ្យ​បាន ​ដើម្បី​រក្សា​តំណែង​កំពូល​តារាង​ពូល G ​បន្ដ​ទៀត​។

ថៃ ​នឹង​ត្រូវ​លេង​ទល់​ក្រុម​ម៉ាឡេស៊ី ​នៅ​ម៉ោង​៧:៤៥​នាទី​យប់​នេះ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​នៅ​កីឡដ្ឋាន​ Bukit Jalil ។ ​លេង​នៅ​កីឡដ្ឋាន​ជាតិ​ម៉ាឡេស៊ី ដែល​ផ្ទុក​មនុស្ស​បាន​ជាង​៨​ម៉ឺន​នាក់​នេះ ​ក្រុម​ថៃ​មក​លេង​៣​ដង​ហើយ ប៉ុន្តែ​មិន​ដែល​ឈ្នះ​នោះ​ទេ ​បាន​ត្រឹម​ស្មើ​២​ដង ​និង​ចាញ់​ម្ដង។

សម្រាប់​ការ​ប្រកួត​លើក​ទី​៤​នេះ​ដែរ ​លោក Akira Nishino ​គ្រូ​បង្វឹក​ក្រុម​ថៃ​បាន​និយាយ​ដូច្នេះ​ថា​៖ “ឡើង​ទៅ​ជុំ​បន្ដ ​យើង​ត្រូវ​មើល​លើ​លទ្ធផល​ទាំង​៨​ប្រកួត។ ​ខ្ញុំ​មិន​មើល​លទ្ធផល​ប្រកួត​មុន​ទេ ​យើង​ត្រូវ​មើល​លទ្ធផល​ទៅ​មុខ​ទៀត។ យើង​ត្រូវ​ធ្វើ​ការ​ជាមួយ​ក្រុម ដើម្បី​យក​ឈ្នះ​ការ​ប្រកួត​នេះ ​យើង​ត្រូវ​ការ​៣​ពិន្ទុ​បន្ថែម​ទៀត”។

គ្រូ​សញ្ជាតិ​ជប៉ុន​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ ​លើ​ការ​លួច​មើល​ការ​ហ្វឹកហាត់​របស់​ក្រុម​ថៃ។ ​លោក​ចង់​ឱ្យ​សន្តិសុខ ​ការពារ​ឱ្យ​បាន​កុំ​ឱ្យ​មាន​អ្នក​មក​លួច​មើល​ការ​ហ្វឹកហាត់​របស់​ខ្លួន។ ​”យើង​ចង់​ឱ្យ​មាន​ភាព​ស្មើ​ភាព​គ្នា ​យើង​មិន​ចង់​ដឹង​ក្បួន​ហ្វឹកហាត់​ក្រុម​គេ​ទេ ​ហើយ​គេ​ក៏​មិន​ត្រូវ​មក​មើល​យើង​ហ្វឹកហាត់​វិញ​ដែរ”។ សម្ដី​របស់​ Nishino ៕ ប្រភព៖ Bangkokpost

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT