ទី​បំផុត Suarez ចេញ​មុខ​ឆ្លើយតប​នឹង​រឿងរ៉ាវ​ចែកផ្លូវ​ជាមួយ​ក្លឹប FC Barcelona

Luis Suarez ចូល​មក​ដល់​រដូវ​កាល ២០១៩/២០ នេះ បាន​រង​ដំណឹង​ល្ហិចល្ហៀង​ឥត​ឈប់​ជុំវិញ​ការ​ត្រៀម​ចាកចេញ ក្រោយ​ខ្សែ​ប្រយុទ្ធ​ពាក់​លេខ ៩ ឈាន​ចូល​វ័យ ៣៣ ឆ្នាំ​នៅ​ខែ​មករា​ខាង​មុខ​នេះ​ទៅ​ហើយ។

ក្លឹប​យក្ស​កាតាឡាន់​ក៏​មិន​ប្រាកដ​ថា​នឹង​បន្ត​កុងត្រា​ថ្មី​ឲ្យ Suarez ឬ​អត់​នោះ​ដែរ ខណៈ​ចចាមអារ៉ាម​ពី​សព្វមួយដង​លេចលឺ​ថា​ក្លឹប​អាច​នឹង​ព្រម​តាម​សំណើ​ Messi ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ Lautaro Martinez ចេញ​ពី​ក្លឹប Inter Milan។

ជុំវិញ​រឿងរ៉ាវ​នេះ​ដែរ Suarez និយាយ​ត្រង់ៗ​ថា៖ “តម្រូវ​ការ​នៅ​ក្លឹប Barcelona គឺ​ខ្ពស់​ខ្លាំង​ណាស់ ដោយ​រៀងរាល់ ៣ ​ថ្ងៃ​ម្តង​អ្នក​ត្រូវ​មក​ធ្វើ​តេស្ត​ជា​កំហិត ពោល​គឺ ៥ ឆ្នាំ​មក​នេះ​ខ្ញុំ​រង​សម្ពាធ​រាប់​ភ្លេច ហើយ​ក៏​ព្យាយាម​ដោះស្រាយ​បញ្ហា​គ្រប់​យ៉ាង​ផង​ដែរ”។

លោក​សង្កត់​ធ្ងន់៖ “ប្រសិន​ណា​ក្លឹប​កំពុង​សម្លឹង​ឬ​គិត​ចង់​យក​លេខ ៩ ថ្មី គឺ​វា​គ្មាន​អ្វី​ប្លែក​ឡើយ ព្រោះ​នៅ​ពេល​ពេលវេលា​មក​ដល់​ដែល​សម្រេច​ថា​អាយុ​របស់​ខ្ញុំ​មិន​អាច​ផ្តល់​ការ​លេង​នូវ​កម្រិត​ខ្ពស់​មួយ​សម្រាប់ Barcelona ប៉ុន្តែ​ដរាប​ណា​ខ្ញុំ​នៅ​អាច​ធ្វើ​បាន​ នោះ​ក៏​នឹង​ខិតខំ​ប្រកួតប្រជែង​បន្ថែម​ទៀត​ដែរ”៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT