Juninho Pernambucano ប្រធានផ្នែកកីឡារបស់ក្លឹប Lyon បានទទូចឲ្យ Karim Benzema វិលមកបញ្ចប់អាជីពនៅអតីតក្លឹបចាស់មួយនេះ ជាជាងការបន្តត្រាំត្រែងនៅក្លឹបយក្ស Real Madrid។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានផ្លាស់ទៅចូលរួមនៅ Los Blancos ដំបូងបង្អស់ អំឡុងពេលលោកមានវ័យ ២២ ឆ្នាំ នៅឆ្នាំ ២០០៩។ លោក Juninho បាននិយាយថា៖ “បំណងរបស់ខ្ញុំគឺនឹងស្នើឲ្យ Karim មកបញ្ចប់អាជីពរបស់គាត់នៅក្លឹប Lyon”។
លោកបន្តទៀតថា៖ “យើងមិនអាចផ្តល់ជូនប្រាក់ពលកម្មសម្រាប់គាត់ដូចគាត់កំពុងទទួលបាននៅ Real Madrid នោះទេ ពោលបើយើងនិយាយមិនជជែកទាក់ទិននឹងផ្នែកហិរញ្ញវត្ថុ តើវាអាចកើតឡើងបានដែរឬទេ នោះយើងនឹងរង់ចាំមើលពេលវេលាដ៏សមស្របមួយ”។
លោកសង្កត់ធ្ងន់៖ “យើងចង់ឃើញគាត់មកលេងនៅទីនេះ ២ ឆ្នាំ ហើយបង្វឹកដល់យុវជនជំនាន់ក្រោយ ព្រោះ Karim គឺជាអ្នកដឹកនាំយ៉ាងពិតប្រាកដដែលពួកយើងត្រូវការ”៕ ប្រភព៖ Marca