Toni Kroos ៖ ​៩០​នាទី យើង​មិន​អាច​ស៊ុត​ចូល​កូរ៉េ​បាន ​នោះ​អាល្លឺម៉ង់​ធ្លាក់​សម​ណាស់

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​ទៅ​ដល់​ស្រុក​កំណើត​វិញ​ហើយ ​បន្ទាប់​ពី​ធ្លាក់​ត្រឹម​វគ្គ​ក្នុង​ពូល​នៃ​ពាន​រង្វាន់ FIFA World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី។

អាល្លឺម៉ង់ ​ឆ្លង​កាត់​៣​ប្រកួត ​ឈ្នះ​បាន​តែ​១​ប្រកួត​ប៉ុណ្ណោះ ​ហើយ​១​ប្រកួត​នោះ​គឺ​ស៊ី​ដោយ​បាល់​ទាត់​ហ្វ្រីឃីក​នា​ចុង​ម៉ោង​ថែម​ទៀត​ទល់​ក្រុម​ស៊ុយអែត ដោយ​កីឡាករ Toni Kroos ។ ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ ​ប៉ះ​កូរ៉េ​ខាង​ត្បូង ​ពួកគេ​មិន​អាច​ធ្វើ​អ្វី​ក្រុម​អាស៊ី​នេះ​បាន ​ហើយ​ថែម​ទាំង​ត្រូវ​កូរ៉េ​ស៊ី​បាន​២​គ្រាប់​វិញ​ថែម​ទៀត ​ទើប​បណ្ដាល​ឱ្យ​ធ្លាក់​តែ​ម្ដង។

Kroos ​ខ្សែ​បម្រើ​ឆ្នើម​និង​លេង​ល្អ​នៅ​អាល្លឺម៉ង់​បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា​៖ “យើង​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ។ កីឡាករ​ហាក់​ដូចជា​លេង​មិន​អស់​សមត្ថភាព។ ​ប្រសិន​បើ​យើង​លេង​៩០​នាទី ​ហើយ​មិន​អាច​ស៊ុត​ក្រុម​កូរ៉េ​ខាង​ត្បូង​បាន ​នោះ​ការ​ធ្លាក់​នេះ គឺ​ពិត​ជា​សម​បំផុត​ហើយ។ យើង​បាន​ទទួល​អ្វី​ដែល​យើង​គួរ​ទទួល។ ខ្ញុំ​គ្មាន​អ្វី​ត្រូវ​និយាយ​ទៀត​ទេ”។

ការ​ធ្លាក់​ត្រឹម​វគ្គ​ក្នុង​ពូល​នេះ គឺ​ជា​ការ​ធ្លាក់​លើក​ដំបូង​ហើយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ចាប់​តាំង​ពី​ឆ្នាំ​១៩៣៨​មក ពោល​គឺ​រយៈ​ពេល​៨០​ឆ្នាំ​ហើយ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT