ចាន់ រតនា យក​កំពូល​កីឡាករ​គុន​ចម្រុះ McGregor ជា​និមិត្តរូប

​អ្នកលេង​គុន​ចម្រុះ ចាន់ រតនា និង ជា​កីឡាករ​ម្នាក់​ជាប់កិច្ចសន្យា​ប្រកួត​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship អះអាងថា​កីឡាករ Conor McGregor អតីត​ម្ចាស់​ខ្សែក្រវាត់ featherweight និង lightweight ជា​និមិត្តរូប ឬ Idol របស់ខ្លួន​។

ចាន់ រតនា បញ្ជាក់ថា​៖«​បាទ​បង​ខ្ញុំ​ស្រលាញ់​ការប្រកួត​របស់ Conor McGregor មើលទៅ​ពិតជា​ខ្លាំងណាស់​ជាពិសេស​ការបញ្ចប់​ដៃគូ​ដោយ​កណ្ដាប់​ឆ្វេង អស្ចារ្យ​មែនទែន​។ ខ្ញុំ​តែងតែ​តាមដាន​ពេល Conor ឡើង​ប្រកួត​ជារឿយៗ​។ គាត់​ជា​កីឡាករ​ហាត់​អាជីព​ច្បាស់លាស់ ហើយ ពេល​ទស្សនា​វីដេអូ​របស់គាត់ ខ្ញុំ​តែងតែ​ខំប្រឹង​ដើម្បី​ធ្វើ​ឲ្យ​ល្អ​នៅ​សង្វៀន​អន្តរជាតិ ONE»​។

ម្ចាស់​ក្លិប​ប្រដាល់ «​សិល្បៈ​» គឺជា​កីឡាករ​កម្ពុជា​ល្អ​បំផុត​ម្នាក់​ដែល​ធ្វើ​បានល្អ​នៅ​សង្វៀន​ពិភពលោក ONE Championship មួយរយៈ​ចុងក្រោយ​នេះ​តាំងពី​ចុងឆ្នាំ ២០១៨ រហូតដល់​ឆ្នាំ ២០១៩ មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ទាល់តែសោះ​។ កីឡាករ​វ័យ​៣៣ ឆ្នាំ​រូបនេះ​មិនទាន់​បញ្ឈប់​ក្ដី​ស្រមៃ​ត្រឹមនេះ​នោះទេ ពោល​រូបគេ​ចង់​ឡើង​ប្រកួត​ខ្សែក្រវាត់​កម្រិត​ពិភពលោក​លើ​ទម្ងន់ Flyweight នៅ​ថ្ងៃ​ណាមួយ តាម​ការរៀបចំ​របស់ ONE និង ប្រកួត​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​តំណាង​ឲ្យ​កម្ពុជា​។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT